តើមានអ្វីដែលអស្ចារ្យបំផុត នៅក្នុងវិស័យកីឡា? តើការទទួលតំណែងជើងឯកឬ? តើឯកត្តកម្មឬ? ឬមួយការមានកិត្តិយស? នៅក្នុងទីលានប្រកួតកីឡាបាល់បោះផាលេស្ត្រា(Palestra) នៃសកលវិទ្យាល័យផេនស៊ីលវានា(Pennsylvania) គេបានដាក់ពាក្យស្លោកមួយ ព្យួរនៅលើជញ្ជាំង ដែលនាំឲ្យគេមានទស្សនៈខុសប្លែកមួយ អំពីភាពអស្ចារ្យបំផុត នៅក្នុងវិស័យកីឡា។ ពាក្យស្លោកនោះចែងថា “ការឈ្នះការប្រកួត គឺមានភាពអស្ចារ្យ។ ការចូលរួមប្រកួត គឺកាន់តែមានភាពអស្ចារ្យ។ តែការចូលចិត្តការប្រកួតកីឡា គឺមានភាពអស្ចារ្យបំផុត”។ ពាក្យស្លោកនេះបានធ្វើ ការរំឭកឡើងវិញថា និយាយរួម កីឡាគឺគ្រាន់តែជាការប្រកួត ដែលយើងបានលេង ដោយអំណរកាលនៅពីក្មេង។
មានអ្នកដឹកនាំសាសនាម្នាក់បានមកល្បងសួរព្រះយេស៊ូវ អំពីភាពអស្ចារ្យបំផុត ដោយពាក្យថា “ក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត?”(ម៉ាថាយ ២២:៣៦)។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយលើកទឹកចិត្តអ្នកដឹកនាំរូបនោះ ឲ្យមានសេចក្តីស្រឡាញ់ គឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកដទៃ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “«ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»”(ម៉ាថាយ ២២:៣៧-៣៩)។
ទោះសេចក្តីជំនឿដែលយើងមានក្នុងព្រះគ្រីស្ទ បានបណ្តាលចិត្តយើងឲ្យធ្វើការអ្វីផ្សេងទៀតក៏ដោយ ក៏យើងមិនអាចធ្វើការអ្វីឲ្យអស្ចារ្យជាងការបង្ហាញសេចក្តីស្រឡាញ់របស់យើងឡើយ ព្រោះសេចក្តីស្រឡាញ់បង្ហាញបំណងព្រះហឫទ័យ នៃព្រះវរបិតាដ៏បរិសុទ្ធនៃយើងដែលគង់នៅស្ថានសួគ៌។ និយាយរួម “ព្រះជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨)។ យើងងាយនឹងភ្លេចក្រឹត្យវិន័យនេះ ដោយសាររវល់ធ្វើកិច្ចការដែលមិនសូវសំខាន់ជាង តែយើងត្រូវតែបន្តផ្តោតទៅលើកិច្ចការដ៏អស្ចារ្យបំផុត គឺការស្រឡាញ់ព្រះនៃយើង ដែលការនេះនឹងជួយឲ្យយើងអាចស្រឡាញ់គ្នាទៅវិញទៅមក។ ដូចនេះគ្មានការអ្វីដែលអស្ចារ្យជាងនេះឡើយ។-Bill Crowder