យើងងាយនឹងមានវិញ្ញាណរិះគន់ ចំពោះអ្នកដទៃ ដែលមិនមានការលូតលាស់ខាងវិញ្ញាណ តាមការរំពឹងទុករបស់យើង។ យើងងាយនឹងរកមើលឃើញចំណុចសំខាន់ៗដែលមានបញ្ហា ដែលត្រូវការការកែតម្រូវ តែយើងក៏ចាំបាច់ត្រូវធ្វើការកត់សំគាល់ ចំពោះការអ្វីដែលត្រឹមត្រូវផងដែរ។
នៅក្នុងសំបុត្ររបស់សាវ័កប៉ុល ជាញឹកញាប់ គាត់ចាំបាច់ត្រូវកែតម្រង់ពួកជំនុំ តែគាត់ក៏អបអរចំពោះការអ្វីដែលមានភាពល្អប្រសើរផងដែរ។ ឧទាហរណ៍ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានផ្ញើរទៅកាន់ពួកជំនុំ នៅក្រុងកូល៉ុស គាត់បានបញ្ជាក់ថា ដំណឹងល្អបានចាក់ឫសចូលក្នុងជីវិតរបស់អ្នកជឿព្រះ នៅក្រុងនោះ ហើយកំពុងបង្កើតផលផ្លែ(១:៦)។ គាត់បានអបអរពួកគេ ដោយថ្វាយការអរព្រះគុណដល់ព្រះ ចំពោះការរីកលូតលាស់ខាងវិញ្ញាណរបស់ពួកគេ។ ពួកគេបានស្គាល់ព្រះយេស៊ូវ ហើយពេលនោះ កំពុងតយុទ្ធប្រឆាំងនឹងពួកគ្រូក្លែងក្លាយ(២:៦-៨)។ គាត់បានអរព្រះគុណព្រះអម្ចាស់ ដោយសារពួកគេមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជាប់លាប់ ចំពោះពួកបរិសុទ្ធ ហើយបានធ្វើការផ្គត់ផ្គង់ ដោយការលះបង់ចំពោះពួកគេ(១:៤)។ សាវ័កប៉ុលក៏បានអរព្រះគុណព្រះ ចំពោះសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកជំនុំ នៅក្រុងកូល៉ុស ដែលបានកើតចេញពីសេចក្តីសង្ឃឹម ដោយដឹងការពិត និងទទួលការធានាថា ជីវិតមិនមែនមានតែក្នុងលោកិយនេះទេ(១:៥)។
សូមឲ្យថ្ងៃនេះ យើងមានឱកាសសង្កេតមើលបងប្អូនរួមជំនឿរបស់យើង។ យើងអាចមានការរិះគន់ស្ថាបនាពួកគេ ឬអបអរចំពោះការរីកលូតលាស់ខាងវិញ្ញាណរបស់ពួកគេ។ សូមយើងចំណាយពេលអរព្រះគុណព្រះអម្ចាស់ ចំពោះការដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បានចាក់ឫសចូលក្នុងជីវិតពួកគេ ហើយកំពុងបង្កើតផលផ្លៃ។-Marvin Williams