តើអ្នកណាជាអ្នកទទួលការសរសើរ?

ខ្ញុំនៅ​តែ​ងឿង​ឆ្ងល់​ពី​ទំនុក​បំពេរ​កូ​ន ដែល​មាន​ចំណង​ជើង​ថា “លីថល​ជែក ហន័រ​ ដ៏​តូច​ល្អិត(Jack Horner)” ដែល​គេ​ច្រៀង​ដូច​នេះ​ថា : លីថលជែក ​ហន័រក អង្គុយ​នៅ​គៀន​ជ្រុង កំពុង​ញាំ​នំ​បុណ្យ​ណូអែល។ ក្មេង​ប្រុស​នោះ​ដាក់​មេ​ដៃ​ចូល​ទៅ​ក្នុង​ផ្លែ​ផ្លាំ ដែល​នៅ​ក្នុង​នំ ហើយ​លើក​ផ្លែ​នោះ​ចេញ​មក រួច​និយា​យ​ទៅ​កាន់​ខ្លួន​ឯង​ថា​ “ខ្ញុំ​អី​ក៏​​ឆ្លាត​យ៉ាង​នេះ!”

វា​ដូ​ច​​​ជា​មិ​ន​សម​សោះ ដែល​ជែក​​អង្គុយ​​នៅ​​គៀន​​ជ្រុង ​ដោយ​​ដា​ក់​​មេ​ដៃ​ចូ​ល​ក្នុ​ង​​ផ្លែ​​ផ្លាំ ហើយ​លើ​កដៃ​ឡើង​​លើ រួច​និយាយ​ថា​ “ខ្ញុំ​អី​ក៏​ឆ្លាត​យ៉ាង​នេះ!” ព្រោះ​តាម​ធម្មតា គេតែ​ង​ដាក់​​ក្មេង​​ខូច ឲ្យ​អង្គុយ​នៅគៀ​នជ្រុ​ង ដើម្បី​​ដាក់​ពិន័យ​វា។ តែ​ក្នុង​រឿង​នេះ ក្មេង​ម្នាក់នេះ​ហាក់​ដូច​ជា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​គេមា​នចំ​ណាប់​អារម្មណ៍​ចំពោះ​វា​ទៅ​​វិញ ហើយ​ច​ង់​ឲ្យគេ​កោ​តស​រសើ​រវា ដោយសា​ររឿ​ង​នំ​នេះ​ទៅ​វិញ។

តាម​ធម្មតា យើង​រាល់​គ្នា​ចង់​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ ហើយ​ចង់​អួត​អំ​ពីសមិទ្ធ​ផល​ដែល​ខ្លួន​សម្រេច​បាន និង​សមត្ថ​ភាព​ផ្សេង​ៗ។ ជួន​កាល​យើង​គិត​ថា យើង​រស់​នៅ​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ប៉ុន្តែ ការ​មាន​ជីវិត​បែប​នេះ គឺ​ជា​ការ​វង្វេង ហើយ​ជា​ការ​រស់​ដែល​បរាជ័យ​បំផុត។ តាម​ពិត និស្ស័យ​បាប​របស់​យើង​បាន​ដាក់​យើង​នៅ “គៀន​ជ្រុង” ដែល​ឃ្លាត​ឆ្ងាយ​ចេ​ញ​ពី​ព្រះ។ តែ​យើង​អរ​ព្រះ​គុណ​ទ្រង់ ដែល​នាំ​ឲ្យយើ​ង​មាន​ទស្សនៈ​ត្រឹម​ត្រូវ តាម​រយៈ​ទី​បន្ទាល់​របស់​សាវ័ក​ប៉ុល។ ទោះ​បី​ជា​គាត់​​ធ្លា​ប់​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែចុះ​ចូ​ល​ចំពោះ​ភាព​ធំ​ឧត្តម្ភ​របស់​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​គាត់​បាន​មានប្រ​សាស​ន៍ថា “ប៉ុន្តែ សេចក្តីអ្វី​​ដែលមា​ន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះខ្ញុំ​​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ​គ្រីស្ទ​”(ភីលីព ៣​:៧)។ លោក​ប៉ូលទ​ទួល​ស្គាល់​ថា “ដើម្បី​ឲ្យ​បាន​ព្រះ​គ្រីស្ទ”(ខ.៨) គាត់​ត្រូវ​លះប​ង់​ភាព​ខ្ពង់​ខ្ពស់​របស់​ខ្លួន។

ដូច្នេះ ចូរ​អួ​ត​តែ​អំពី​ព្រះ​គ្រី​ស្ទ​វិញ នៅ​ក្នុង​ជីវិត​រប​ស់អ្ន​ក ឬ​ដូច​​ដែល​លោក​ប៉ុល​​មាន​ប្រសាន៍​ថា “អ្នក​​ណា​​ដែ​ល​អួត ត្រូវ​​​អួត​តែ​​​ពី​ព្រះ​អម្ចាស់​​ប៉ុណ្ណោះ”(១កូរិនថូស ១:៣១) គឺ​មិន​មែន​អួត​អាង​អំពី​ខ្លួន​ឯង​ឡើយ​។_Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles