ជួនកាលដំណើរជីវិតរបស់ខ្ញុំ ហាក់បីដូចជាការឡើងចំណោតដែលចោទពេក ហើយដូចជាការធ្វើដំណើរផ្លូវឆ្ងាយពេក។ ខ្ញុំគ្មានកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីធ្វើដំណើរទៅមុខទៀតឡើយ។ ក្រោយមក ខ្ញុំក៏បានចាំថា ព្រះទ្រង់បានស្គាល់ផ្លូវនេះ មុនពេលដែលទ្រង់បានត្រាសហៅឲ្យខ្ញុំដើរទៅទៀត។ ទ្រង់តែងតែជ្រាបអំពីការលំបាក ដែលខ្ញុំនឹងជួបប្រទះ និងជ្រាបអំពីការឈឺចាប់ ដែលខ្ញុំនឹងមិនអាចថ្លែងប្រាប់អ្នកដទៃឲ្យយល់បាន។ ទ្រង់បានជ្រាប ហើយទ្រង់ក៏បានប្រទាននូវព្រះវត្តមានរបស់ទ្រង់។
ថ្ងៃនេះ ប្រហែលជាជីវិតអ្នកជោរជន់ ដោយទុក្ខក្រៀមក្រំហើយ។ ប្រហែលជាអ្នកកំពុងទទួលបន្ទុកដ៏ធ្ងន់ នៅក្នុងការងារបម្រើព្រះ ឬព្រួយចិត្ត អំពីទំនាក់ទំនងប្តីប្រពន្ធដែលជួបការលំបាក ឬក៏ពិបាកចិត្ត ដោយសារកូនឈឺ ឬមួយកំពុងមើលថែរឪពុកម្តាយដែលចាស់ជរា ពុំនោះសោត អ្នកប្រហែលជាមានបញ្ហាផ្សេងទៀត នៅក្នុងជីវិត។ ពេលនោះ អ្នកក៏និយាយថា “ប្រាកដណាស់ ព្រះអម្ចាស់មិនបានឲ្យខ្ញុំដើរផ្លូវនេះទេ។ ទ្រង់ប្រាកដជាមានផ្លូវផ្សេងមួយទៀត សម្រាប់ឲ្យខ្ញុំដើរងាយស្រួលជាងនេះ”។ ប៉ុន្តែ ក្នុងចំណោមយើង តើមានអ្នកណា ដែលមានប្រាជ្ញាល្មមនឹងអាចដឹងថា មានផ្លូវផ្សេងទៀត ដែលនឹងធ្វើឲ្យយើងក្លាយជាកូនដែលល្អ និងឆ្លាតជាងមុនឬទេ? តាមពិតគ្មាននរណាម្នាក់អាចដឹងឡើយ។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបថា ផ្លូវណាល្អបំផុតសម្រាប់យើង ក្នុងចំណោមផ្លូវដែលយើងអាចដើរបាន ដើម្បីនាំឲ្យយើងមានភាពពេញលេញ(ទំនុកដំកើង ១៤២:៣)។
ផ្លូវទ្រង់ខ្ពស់ជាងផ្លូវរបស់យើង ហើយគំនិតទ្រង់ក៏ខ្ពស់ជាងគំនិតយើងដែរ(អេសាយ ៥៥:៩)។ យើងអាចបន្ទាបខ្លួនដើរតាមផ្លូវ ដែលទ្រង់បានត្រួសត្រាយសម្រាប់យើង នៅថ្ងៃនេះ គឺដើរដោយទុកចិត្តទាំងស្រុង លើព្រះបញ្ញាញាណ និងក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់មានប្រាជ្ញា និងមានក្តីស្រឡាញ់លើសពីការរំពឹងទុករបស់យើងទៅទៀត។ ទ្រង់ជ្រាបគ្រប់ផ្លូវជីវិតទាំងអស់ ហើយទ្រង់នឹងមិននាំយើងឲ្យវង្វេងឡើយ។ _ David Roper