ការស្គាល់ប្រវត្តិសាស្ត្រ
ពេលខ្ញុំ និងភរិយារបស់ខ្ញុំ កំពុងទស្សនាក្នុងសារៈមន្ទីរនៃចក្រភពអង់គ្លេស យើងមានការភ្ញាក់ផ្អើល ចំពោះប្រវត្តិសាស្ត្រ និងកេរដំណែល ដែលគេបានរក្សាទុកនៅក្នុងសារៈមន្ទីដ៏ធំមួយនោះ នៅទីក្រុងឡុង។ យើងបានមើលវត្ថុបុរាណ ដែលមានអាយុកាលចាស់ជាងវត្ថុបុរាណនៅសហរដ្ឋអាមេរិករាប់សតវត្សរ៍ ហើយការនេះបានរំឭកខ្ញុំថា ការយល់ដឹងអំពីប្រវត្តិសាស្រ្ត ពិតជាមានតម្លៃណាស់។ ប្រវត្តិសាស្ត្រផ្តល់ឲ្យយើងនូវកំណត់ត្រា អំពីទស្សនវិស្ស័យ អំពីបរិបទជុំវិញ និងអំពីផលវិបាកផ្សេងៗ ដែលអាចជួយយើង ឱ្យចេះធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ ពេលយើងបានរៀនសូត្រអំពីជ័យជម្នះ និងបរ៉ាជ័យរបស់អ្នកជំនាន់មុន។ សាវ័កប៉ុលក៏បានមើលឃើញតម្លៃ នៃការឱបក្រសោបយកមេរៀនរបស់ប្រវត្តិសាស្ត្រផងដែរ។ ដើម្បីធ្វើការដាស់តឿន អំពីសេចក្តីហិនវិនាស ដែលកើតឡើងពីការសម្រេចចិត្តខុស សាវ័កប៉ុលបាននិយាយអំពីប្រវត្តិរបស់ពួកកូនចៅអ៊ីស្រាអែល និងអំពីការវិលវល់ក្នុងទីរហោស្ថាន ដែលជាលទ្ឋផលនៃការបដិសេធមិនព្រមទុកចិត្តលើព្រះ និងចូលទឹកដីសន្យា(សូមមើល ជនគណនា ១៤)។ បន្ទាប់មកលោកប៉ុលក៏បានប្រាប់អ្នកជឿព្រះ នៅទីក្រុងកូរិនថូសថា “រីឯការទាំងនោះបានកើតមកដល់ គេទុកជាគំរូ ហើយបានកត់ទុកសម្រាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលនៅចុងបំផុតនៃអស់ទាំងកល្ប”(១កូរិនថូស ១០:១១)។ ព្រះអម្ចាស់បានប្រទាននូវព្រះគម្ពីរ មកយើងរាល់គ្នា ដើម្បីជួយឲ្យយើងបានរៀនសូត្រពីប្រវត្តិសាស្ត្ររបស់រាស្ត្រទ្រង់។ មេរៀនក្នុងព្រះគម្ពីរ ផ្តល់ឲ្យយើងនូវឧទាហរណ៍ និងគំរូ ក៏ដូចជាការដាស់តឿន ដើម្បីកុំឲ្យយើងធ្វើការសម្រេចចិត្ត តាមនិស្ស័យបាបទៀត ហើយដើម្បីជួយឲ្យយើងរស់នៅដោយប្រាជ្ញា។ ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងនឹងរៀនសូត្រពីមេរៀននៃអតីតកាល ឬប្រព្រឹត្តខុសដូចអ្នកជំនាន់មុនដែរ?-Bill Crowder
Read article