ជីវិតមនុស្សម្នាក់ៗ ប្រៀបបាននឹងមុខជំនួញដ៏មមាញឹក មួយ។ ជីវិតរបស់យើង ហាក់ដូចជាតែងតែមានកិច្ចការដែលត្រូវធ្វើជាបន្ថែមទៀតជានិច្ច ហើយតែងតែមានកន្លែងផ្សេងដែលត្រូវទៅជាបន្តទៀត ព្រមទាំងមានមនុស្សដែលត្រូវជួបជាបន្ថែមទៀត។ គ្មាននរណាម្នាក់ចង់រស់នៅ ក្នុងជីវិតដែលមិនបានធ្វើកិច្ចការអ្វីដែលមានន័យនោះឡើយ តែទន្ទឹមនឹងនោះ ចង្វាក់ដ៏លឿននៃដំណើរជីវិត ក៏បានគម្រាមថា នឹងឆក់យកភាពស្ងប់ស្ងៀមចេញពីយើង។
ពេលយើងកំពុងបើកបររថយន្ត ឬម៉ូតូ មានផ្លាកសញ្ញាចរាចរណ៍ ដែលបញ្ជាឲ្យយើងឈប់ ឬផ្លាកសញ្ញាដែលដាស់តឿនយើង ឲ្យបន្ថយល្បឿន ដែលគេបានដាក់តាមដងផ្លូវ ដើម្បីរំឭកយើងឲ្យដឹងខ្លួនថា ដើម្បីសុវត្ថិភាព យើងមិនអាចចេះតែជាន់ឈ្នាន់ល្បឿន ឬមូលហ្គ្រែម៉ូតូជាប់ជានិច្ចឡើយ។ ដូចនេះ យើងត្រូវការក្រើនរំឭកបែបនោះ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង។
អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើង បានដឹងច្បាស់ពីសារៈសំខាន់នៃពេលស្ងប់ស្ងាត់។ ព្រះទ្រង់បាន “សម្រាក” នៅថ្ងៃទីប្រាំពីរ។ ម្យ៉ាងទៀត មានពេលមួយ ព្រះយេស៊ូវទ្រង់មានសេចក្តីជាច្រើនទៀតដែលត្រូវបង្រៀន និងមានមនុស្សជាច្រើនទៀត ដែលត្រូវប្រោសឲ្យជា តែទ្រង់ក៏បានយាងទៅដាច់ដោយឡែកពីហ្វូងមនុស្ស ដើម្បីសម្រាកព្រះកាយមួយរយៈ(ម៉ាថាយ ១៤:១៣ ម៉ាកុស ៦:៣១)។ ទ្រង់បានជ្រាបថា ការបន្ថែមល្បឿននៅក្នុងជីវិត គឺមិនមែនជាទង្វើដ៏ឆ្លាតវ័យឡើយ ពោលគឺយើងមិនត្រូវធ្វើឲ្យកុងទ័រសាំងរបស់យើង ចេះតែចង្អុលទៅរក “ចំណុចអស់សាំង” ជានិច្ចឡើយ។
បទគម្ពីរទំនុកដំកើង ១៣១:២ បានចែងថា “ទូលបង្គំបានរម្ងាប់ ហើយព្រលួងព្រលឹងទូលបង្គំជាស្រេច” តើកន្លងមក អ្នកបាននឹកចាំពីបទគម្ពីរនេះឬទេ? ចូរដាក់ផ្លាកសញ្ញាបញ្ជាឲ្យឈប់ នៅត្រង់ចំណុចប្រសព្វនៃជីវិតដ៏មមាញឹករបស់អ្នក ដើម្បីស្វែងរកកន្លែងស្ងៀមស្ងាត់តែម្នាក់ឯងចុះ។ ចូរជៀសចេញពីការរំខាន ដែលរារាំងមិនឲ្យអ្នកស្តាប់ព្រះសូរសៀងព្រះ ហើយចូរអនុញ្ញាតឲ្យទ្រង់ មានបន្ទូលមកកាន់អ្នក ពេលដែលអ្នកអានព្រះបន្ទូលទ្រង់។ ចូរអនុញ្ញាតឲ្យទ្រង់សម្អាតចិត្ត និងគំនិតរបស់អ្នក ឲ្យមានភាពស្រស់ថ្លាឡើង ហើយសូមកម្លាំងពីទ្រង់ ដើម្បីរស់នៅឲ្យបានល្អ ថ្វាយសិរីល្អដល់ទ្រង់។—Joe Stowell