សៀវភៅដែលមានចំណងជើងថា “ចូរមានជីវិតកាន់តែប្រសើរឡើង” ជាស្នាដៃនិពន្ធរបស់លោកម៉ាក លូកាដូ(Max Lucado) ដែលក្នុងនោះគាត់បានសរសេរថា “ការទទួលស្វាគមន៍ គឺជាការបើកទ្វារ សម្រាប់សហគមន៍ដទៃ។ វាមិនមែនជារឿងចៃដន្យទេ ដែលនៅក្នុងភាសាឡាតាំង ពាក្យ ទទួលស្វាគមន៍ និងពាក្យមន្ទីរពេទ្យ គឺជាពាក្យតែមួយ ព្រោះពាក្យទាំងពីរ គឺសុទ្ធតែនាំឲ្យមានលទ្ធផលមួយដូចគ្នាគឺ: ការប្រោសឲ្យជា។ ការបើកទ្វារឲ្យនរណាម្នាក់ចូល គឺមិនខុសពីការនិយាយប្រាប់អ្នកនោះថា : អ្នកសំខាន់ចំពោះខ្ញុំ និងចំពោះព្រះ ។ អ្នកប្រហែលជានិយាយទៅកាន់ភ្ញៀវថា សូមអញ្ជើញចូលខាងក្នុង ហើយពេលនោះ គាត់ក៏គិតថា ខ្ញុំសមនឹងទទួលការស្វាគមន៍ ។
សាវ័កប៉ុលប្រាកដជាបានស្តាប់ឮពាក្យដូចនេះ ឬមានអារម្មណ៍បែបនេះដែរ ពេលដែលលោកអ័គីឡា និងអ្នកស្រីព្រីស៊ីលបានបើកចំហរទ្វារផ្ទះទទួលស្វាគមគាត់។ ពេលគាត់ធ្វើដំណើរមកដល់ទីក្រុងកូរិនថូស គាត់ប្រហែលជាមានការអស់កម្លាំង ដោយសារការធ្វើដំណើរពីក្រុងអាថែន។ គាត់ក៏ប្រហែលជាមានការមិនសប្បាយចិត្ត ដោយសារការងារបម្រើព្រះនៅទីនោះ ហាក់ដូចជាមិនបានជោគជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយមក គាត់ក៏បានសរសេរនៅក្នុងសំបុត្រថា “ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្តីកំសោយភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ”(១កូរិនថូស ២:៣)។ លោកអ័គីឡា និងអ្នកស្រីព្រីស៊ីលប្រហែលជាបានជួបសាវ័កប៉ុល នៅទីផ្សារ ក្នុងក្រុង កូរិនថូស ហើយបានបើកទ្វាផ្ទះទទួលគាត់។ ពួកគេក៏បានផ្តល់ការកម្សាន្តចិត្តខាងវិញ្ញាណដល់សាវ័កប៉ុល តាមរយៈការទទួលស្វាគមន៍បែបគ្រីស្ទបរិស័ទផងដែរ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ទ្រង់បានត្រាសហៅយើង ឲ្យទទួលស្វាគមអ្នកដទៃ គឺប្រៀបបាននឹង “មន្ទីពេទ្យ” ដែលជួយអ្នកដែលកំពុងឆ្លងកាត់ព្យុះភ្លៀងនៃជីវិត ហើយត្រូវការការស្អាងឡើងវិញ។ ព្រះអម្ចាស់អាចប្រើយើងបាន ដោយសារទ្រង់ផ្គត់ផ្គង់អ្វីដែលយើងត្រូវការ។
—Marvin Williams