នៅក្នុងវិស្ស័យកីឡាបាល់ទាល់ នៅប្រទេសអង់គ្លេស ជារៀងរាល់ឆ្នាំ វគ្គដែលគេចូលចិត្តទស្សនាបំផុត គឺវគ្គផ្តាច់ព្រាត់នៃការប្រកួតបាល់ទាល់ពានរង្វាន់ហ្វា(FA)។ គេសង្កេតឃើញថា អស់រយៈពេលជាង១០០ឆ្នាំកន្លងមកនេះ ថ្ងៃប្រកួតនោះ មានពេញដោយភាពរំភើបរីករាយ ការអបអរសាទរ និងការប្រកួតប្រជែង។ ប៉ុន្តែ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុត គឺព្រឹត្តិការណ៍នៃការបើកការប្រកួត។ ព្រោះគេចាប់ផ្តើមបើកការប្រកួត ដោយច្រៀងបទប្រពៃណី ដែលជាទំនុកសរសើរមានចំណងជើងថា “សូមគង់ជាមួយទូលបង្គំ”។
ពីដំបូង ខ្ញុំយល់ថា ការប្រើបទចម្រៀងដូចនេះ ហាក់ដូចជាចម្លែកបន្តិច។ ខ្ញុំឆ្ងល់ថា តើបទទំនុកសរសើរនោះ មានទំនាក់ទំនងអ្វីជាមួយកីឡាបាល់ទាត់? ពេលដែលខ្ញុំគិតអំពីការនេះ ខ្ញុំក៏បានដឹងថា យើងត្រូវការព្រះវត្តមាននៃព្រះ នៅក្នុងការគ្រប់យ៉ាងដែលយើងធ្វើ ដូចជានៅក្នុងកីឡា ការទិញឥវ៉ាន់ ការធ្វើការ ការទៅរៀន ឬធ្វើអ្វីៗផ្សេងទៀត។ គ្មានផ្នែកណាមួយនៃជីវិតយើង ដែលមិនត្រូវការព្រះវត្តមាននៃព្រះឡើយ ដូចនេះ ការប្រាថ្នាសូមឲ្យព្រះគង់ជាមួយ គឺពិតជាការប្រាថ្នាដ៏សមហេតុផលបំផុត ដែលយើងត្រូវមាន។
ជាការពិតណាស់ ព្រះវត្តមាននៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មិនមែនជាអ្វីដែលយើងចាំបាច់ត្រូវទូលអង្វរដល់ទ្រង់ឡើយ ព្រោះទ្រង់បានសន្យាថា ទ្រង់នឹងគង់នៅជាមួយយើង។ ជាក់ស្តែង បទគម្ពីរហេព្រើ ១៣:៥ បានចែងថា “ដ្បិតទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»”។
ព្រះវត្តមាននៃព្រះ មិនគ្រាន់តែជាកត្តាដែលនាំឲ្យយើងស្កប់ចិត្តប៉ុណ្ណោះទេ ប៉ុន្តេ ថែមទាំងជាអ្វីដែលព្រះបានសន្យាប្រទានដល់យើង ដែលអាចនាំឲ្យយើងមានប្រាជ្ញា ភាពសុខសាន្ត ការកម្សាន្តចិត្ត និងកម្លាំង ទោះបីជាយើងកំពុងធ្វើអ្វី នៅទីកន្លែងណាក៏ដោយ។—Bill Crowder