មិត្តភ័ក្ររបស់ខ្ញុំ មានកូនស្រីម្នាក់អាយុ៩ឆ្នាំឈ្មោះ ស៊ីដនី(Sydnie) ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយការចាក់ឆ្នាំគីមី និងកំពុងទទួលការផ្លាស់ខួរឆ្អឹងខ្នង។ មានពេលមួយ ខ្ញុំបានយល់សប្តិឃើញនាងកំពុងសម្រាក ជាមួយឪពុកម្តាយនាង ក្នុងបន្ទប់មួយ ស្ថិតនៅផ្នែកកណ្តាលគេ ក្នុងមន្ទីពេទ្យ។ នៅជុំវិញបន្ទប់នោះ មានបន្ទប់ជាច្រើនទៀត ដែលសាច់ញាតិ និងមិត្តភ័ក្ររបស់ពួកគេកំពុងស្នាក់នៅ និងអធិស្ឋានឲ្យនាងឥតឈប់ឈរ ក្នុងអំឡុងពេលនៃការព្យាបាលរបស់នាង។
ជាការពិតណាស់ តាមន័យសាច់ឈាម ស៊ីដនីមិនបានហ៊ុមព័ទ្ធដោយសាច់ញាតិ និងមិត្តភ័ក្រ នៅក្នុងបន្ទប់ដែលនៅជុំវិញបន្ទប់នាងឡើយ។ តែតាមន័យខាងវិញ្ញាណ នាងពិតជាកំពុងតែហ៊ុមព័ទ្ធ ដោយការអធិស្ឋាន និងសេចក្តីស្រឡាញ់។
លោកសាវ័កប៉ុលក៏មានសេចក្តីប្រាថ្នា ចង់ឲ្យខ្លួនគាត់ ត្រូវបានហុំព័ទ្ធដោយការអធិស្ឋានផងដែរ។ នៅក្នុងភាគច្រើននៃសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ គាត់បានសុំឲ្យគេនឹកចាំ ហើយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១១ អេភេសូរ៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់ក៏បានសរសេរសំបុត្រ ផ្ញើទៅអ្នកជឿព្រះនៅក្រុងរ៉ូមថា “តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា… ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់ដឹងថា បើគាត់មិនទទួលអំណាចពីព្រះទេ នោះការងារដែលគាត់ធ្វើថ្វាយព្រះ ក៏គ្មានប្រសិទ្ធិភាពដែរ។
ព្រះគម្ពីរចែងឲ្យយើងដឹងថា ព្រះយេស៊ូវទ្រង់ក៏បានអធិស្ឋានឲ្យយើងផងដែរ(យ៉ូហាន ១៧:២០ ហេព្រើ ៧:២៥) ហើយព្រះវិញ្ញាណទ្រង់ក៏បានអធិស្ឋានឲ្យយើង ស្របតាមបំណងព្រះទ័យព្រះ(រ៉ូម ៨:២៧)។ ដូចនេះ យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានហ៊ំព័ទ្ធដោយការអធិស្ឋាន!—Anne Cetas