នៅឆ្នាំ ២០១០ បណ្តាក្រុមហ៊ុនផលិតរថយន្ត បានប្រកាសជាសាធារណៈ ដើម្បីប្រមូលរថយន្ត២០លានគ្រឿង នៅសហរដ្ឋអាមេរិក ចូលក្នុងរោងចក្រវិញ ដើម្បីធ្វើការកែសម្រួលបញ្ហាផ្សេងៗ ដែលមានក្នុងរថយន្តទាំងនោះ។ គ្រាន់តែគិតដល់ចំនួនដ៏ច្រើនសណ្ឋឹកនៃឡានដែលមានបញ្ហា ដែលកំពុងបើកបរនៅតាមដងផ្លូវ គឺគួរឲ្យយើងមានការភ្ញាក់ផ្អើលណាស់ទៅហើយ។ ប៉ុន្តែ យើងនឹងកាន់តែមានការបារម្ភថែមទៀត ពេលដែលបានដឹងថា មានម្ចាស់រថយន្តជាច្រើន មានការព្រងើយកន្តើយ ចំពោះការប្រកាសនេះ។ ជាក់ស្តែង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសុវត្ថិភាពរថយន្តបានដាស់តឿនម្ចាស់រថយន្តថា “សូមមកជួសជុលដោយឥតគិតថ្លៃ។ វាអាចជួយសង្រ្គោះជីវិតរបស់អ្នកបាន”។ ទោះជារថយន្តទាំងនោះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ក៏៣០ភាគរយនៃម្ចាស់រថយន្ត មិនដែលបានឆ្លើយតបចំពោះការអំពាវនាវនេះឡើយ។
យ៉ាងណាមិញ មានមនុស្សជាច្រើនមានការព្រងើយកន្តើយ ពេលឮព្រះទ្រង់ “ប្រកាសឲ្យមនុស្សទាំងអស់ត្រឡប់មករកទ្រង់វិញ”។ បញ្ហាផ្នែកសីលធម៌ដែលមនុស្សជាតិមាន មិនមែនជាកំហុសរបស់ព្រះអាទិករដែលបានបង្កើតពួកគេមកនោះទេ ដូចនេះ វាមិនដូចបញ្ហាដែលមាន នៅពេលមនុស្សផលិតរថយន្តឡើយ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាង “ឲ្យមានភាពល្អប្រសើរណាស់”(លោកុប្បត្តិ ១:៣១) តែអំពើបាបរបស់មនុស្សបានបំផ្លាញភាពគ្រប់លក្ខណ៍នោះ។ ហេតុនេះហើយ បានជាព្រះទ្រង់ប្រទានឱកាស “ប្រែចិត្ត … ហើយវិលមករកទ្រង់ ដើម្បីឲ្យបាបរបស់យើងរាល់គ្នាបានលុបចេញ”(កិច្ចការ ៣:១៩)។
ព្រះទ្រង់មិនគ្រាន់តែបានប្រទាននូវឱកាសជួសជុលចិត្តរបស់មនុស្ស ដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យចិត្តនោះផ្លាស់ប្រែជាថ្មី(អេសេគាល ៣៦:២៦ ២កូរិនថូស ៥:១៧)។ យើងអាចទទួល ដោយមិនបង់ថ្លៃអ្វីទាល់តែសោះ(អេភេសូរ ២:៨-៩) តែព្រះទ្រង់បានលៈបង់ព្រះជន្មនៃព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាទ្រង់។ “ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្តីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា”(១ពេត្រុស ២:២៤)។
ចូរកុំធ្វើព្រងើយចំពោះការត្រាសហៅរបស់ព្រះអម្ចាស់ឡើយ។ ការជួសជុលដែលមិនគិតថ្លៃ និងស្ថិតស្ថេរ ដែលព្រះប្រទានសម្រាប់បញ្ហាខាងវិញ្ញាណរបស់យើង នឹងជួយសង្រ្គោះជីវិតរបស់យើង។—C.P. Hia