ខ្ញុំចូលចិត្តប្រើពាក្យ តែងតែ និង មិនដែល ។ ខ្ញុំបានប្រើពាក្យទាំងពីរនេះ នៅក្នុងការនិយាយលើកទឹកចិត្តខ្លួនឯងឲ្យមានសង្ឃឹម។ ខ្ញុំចូលចិត្តគិតថា ខ្ញុំតែងតែ អាចមានចិត្តសប្បាយជានិច្ច ហើយការរស់នៅ នឹងមិនដែល មានការខកចិត្តឡើយ។ ប៉ុន្តែ តាមពិត ខ្ញុំមិនតែងតែ មានចិត្តសប្បាយជានិច្ចឡើយ ហើយការរស់នៅ មិនដែល សមតាមបំណងជានិច្ចដែរ។
ដូចនេះ ពាក្យនេះអាចនាំឲ្យយើងមានសង្ឃឹមបាន លុះណាតែយើងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះយេស៊ូវ អំពីព្រះវត្តមានរបស់ទ្រង់។ ពេលដែលពួកសិស្សមានការបារម្ភថា ពួកគេនឹងត្រូវរស់នៅដោយខ្លួនឯង ទ្រង់បានមានបន្ទូលថា “ខ្ញុំនឹងគង់នៅជាមួយអ្នករាល់គ្នាជានិច្ច”(ម៉ាថាយ ២៨:២០)។ ព្រះគម្ពីរហេព្រើរក៏បានរំឭកយើងផងដែរថា ព្រះយេស៊ូវបានមានបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ” បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា “ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំ ជាយ៉ាងណាបាន”(ហេព្រើរ ១៣:៥-៦)។ ហើយសាវ័កប៉ុលបានបញ្ជាក់ដល់គ្រីស្ទបរិស័ទទាំងអស់ថា “យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។ បទគម្ពីរទាំងនេះពិតជាលើកទឹកចិត្តយើងណាស់!
ទោះបីជាដំណើរជីវិតរបស់យើង ហាក់ដូចជាមានលក្ខណៈ គួរឲ្យភ័យខ្លាចយ៉ាងណាក៏ដោយ ហើយទោះបីជាអនាគតរបស់យើង ហាក់ដូចជាអស់សង្ឃឹមយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចមានចិត្តក្លាហាន និងការកម្សាន្តចិត្ត ដោយសារព្រះវត្តមាននៃព្រះ ដែលគង់ជាប់យើងជានិច្ច និងជួយឲ្យយើងអាចឆ្លងកាត់ការលំបាកទាំងអស់នោះ។ ជាងនោះទៅទៀត ពេលដែលជីវិតយើងចប់ទៅ យើងក៏នឹងនៅជាមួយទ្រង់ ដោយបានឃើញមុខទល់នឹងមុខ ជារៀងរហូត។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យ “កម្សាន្តចិត្តគ្នាទៅវិញទៅមក ដោយដំណើរនេះចុះ”(ខ.១៨)។–Joe Stowell