កាលពីខែសីហា ឆ្នាំ២០១១ អង្គការណាសាបានចេញផ្សាយនូវរូបថតមួយសន្លឹក ដែលកែវយឺត ហាប់ប៊ល(Hubble) ថតបាន។ រូបថតដែលគេបានកែសម្រួលនេះ បានធ្វើឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខមនុស្សជាច្រើន។ នៅក្នុងរូបថតនោះ គេឃើញមានកាឡាក់ស៊ីពីរ កំពុងចាប់ផ្តើមបុកគ្នា។ ពន្លឺដែលកើតចេញពីការបុកគ្នានេះ មានរាងដូចសញ្ញាឧទាន(!)នៅក្នុងលំហរអាកាស។ យោងតាមស្ថិតិចុងក្រោយ ដែលខ្ញុំបានអាន បានឲ្យដឹងថា នៅក្នុងសកលលោកទាំងមូល មានកាឡាក់ស៊ីចំនួនមួយម៉ឺនកោដ ដែលគេអាចសង្កេតមើល។ នៅក្នុងកាឡាក់ស៊ីនីមួយៗ មានផ្កាយរាប់ម៉ឺនកោដ ហើយជាងនេះទៅទៀត គេបានរកឃើញកាឡាក់ស៊ីកាន់តែច្រើនក្នុងលំហរអាកាស។
ពេលដែលខ្ញុំបានឃើញ ប៉ុស្តិ៍ស៊ីអិនអិន(CNN)ផ្សាយ អំពីពន្លឺភ្លើង ដែលមានរាងដូចសញ្ញាឧទាន នៅក្នុងលំហរអាកាសយ៉ាងដូចនេះ ខ្ញុំក៏បាននឹកចាំអំពីព្រះអទិករដ៏អស្ចារ្យនៃយើង។ ផ្ទៃមេឃសម្តែងពីសិរីល្អទ្រង់(ទំនុកដំកើង ១៩:១) ប៉ុន្តែ ទ្រង់ធំជាងផ្ទៃមេឃ ដែលជាស្នាព្រះហស្តទ្រង់ទៅទៀត។ បន្ទាប់ពីស្តេចសាឡូម៉ូនបានសាងសង់ព្រះវិហារ សម្រាប់ថ្វាយព្រះអម្ចាស់ចូលគង់សណ្ឋិត ទ្រង់បានអធិស្ឋានថា “តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត”(១ពង្សាវតាក្សត្រ ៨:២៧)។ ទ្រង់ជ្រាបថា បើអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមនឹងឲ្យព្រះគង់នៅផង ចុះទំរាំតែព្រះវិហារដែលទ្រង់បានសង់ ប្រាកដជាមិនអាចឲ្យព្រះទ្រង់គង់នៅចុះបានឡើយ។
ព្រះអម្ចាស់ទ្រង់ធំណាស់ គឺធំហួសការស្មានរបស់យើងទៅទៀត។ ប៉ុន្តែ ទ្រង់បានអនុញ្ញាតឲ្យយើងអាចស្គាល់ទ្រង់ តាមរយៈអង្គព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រា ដែលទ្រង់បានចាត់ឲ្យមកចាប់កំណើត ក្នុងលោកិយនេះ ទ្រង់បានសុគត ហើយបានមានព្រះជន្មរស់ឡើងវិញ។ ពេលដែលយើងជឿលើទ្រង់ យើងនឹងបានទៅនៅនគរស្ថានសួគ៌ ហើយនឹងបានចូលរួម នៅក្នុងការប្រកាសពីសិរីល្អរបស់ទ្រង់!–Anne Cetas