លោកចូស ហាមីលតុន(Josh Hamilton) ជាកីឡាករបេសប៊ល របស់ក្រុមតិចសាស់ រេង ជ័រ(Texas Ranger)។ គាត់បានខំជម្នះការញៀនថ្នាំ និងស្រា។ ហេតុនេះហើយបានជា នៅពេលដែលក្រុមរបស់គាត់បានឈ្នះការប្រកួតវគ្គជម្រុះ ក្នុងឆ្នាំ២០១០ លោកហាមីលតុន មានការព្រួយបារម្មណ៍ពីពិធីជប់លៀងជ័យជម្នះរបស់ក្រុមគាត់។ គាត់បានទទួលស្គាល់ថា វាមិនមែនជាការល្អទេ សម្រាប់អ្នកដែលទើបតែផ្តាច់គ្រឿងស្រវឹង ទៅចូលរួមការផឹកស៊ីស្រាសំប៉ាញដ៏ជោគជាំនោះ។ ប៉ុន្តែ គាត់បែរជាបានជួបរឿងដ៏គួរឲ្យរីករាយ ខុសពីការរំពឹងទុក។ មិត្តរួមក្រុមរបស់គាត់មិនបានប្រើស្រាសំប៉ាញ នៅក្នុងពិធីជប់លៀងនោះទេ ផ្ទុយទៅវិញ ពួកគេបានយកស្រាបៀរខ្ញី មកដាក់ក្នុងបន្ទប់ដាក់សម្ភារៈ ដើម្បីឲ្យគាត់អាចចូលរួម ក្នុងការអបអរនឹងគេដែរ។ ការនេះបានបង្ហាញនូវការរួបរួម ជាសហគមន៍ដ៏អស្ចារ្យ ដែលមិត្តរួមក្រុមរបស់គាត់ បានយកសេចក្តីត្រូវការរបស់គាត់ ជាសំខាន់ជាងតម្រូវការរបស់ពួកគេ។
នេះក៏ជាអ្វីដែលលោកសាវ័កប៉ុលបានបង្រៀនផងដែ។ គាត់បានបង្គាប់ពួកជំនុំនៅក្រុងភីលីព ឲ្យគិតពីប្រយោជន៍របស់អ្នកដទៃ ឲ្យបានខ្លាំងជាងប្រយោជន៍ផ្ទាល់ខ្លួន(២:៣-៤)។ ការរួបរួមគ្នាតែមួយ ក្នុងព្រះគ្រីស្ទ បានធ្វើឲ្យគ្រីស្ទបរិស័ទ នៅក្រុងភីលីព ក្លាយជាគ្រួសារតែ១ ហើយមានចំណងទាក់ទងដ៏ពិសេសជាមួយគ្នា។ ដូច្នេះហើយ ពួកគេត្រូវសម្តែងចេញ នូវអាកប្បកិរិយា ដោយការរួបរួម ដោយសេចក្តីស្រឡាញ់ ការបម្រើគ្នា ដោយការលះបង់ និងស្វែងរកវិធីជួយអ្នកដទៃ ទោះបីជាអ្នកនោះដឹងថា ខ្លួនត្រូវការជំនួយឬអត់ក៏ដោយ។ នេះជាអាកប្បកិរិយា ដែលគ្រីស្ទបរិស័ទគ្រប់រូប ត្រូវមានជាធម្មតា តាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ។
សូមយើងជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក ដូចមិត្តរួមក្រុមរបស់លោកហាមីលតុនដែរ។ នៅពេលដែលយើងស្រឡាញ់អ្នកជិតខាងយើង ដោយមិនរកប្រយោជន៍ផ្ទាល់ខ្លួន នោះមានន័យថា យើងក៏កំពុងតែបង្ហាញក្តីស្រឡាញ់របស់យើងដល់ព្រះផងដែរ។ – Marvin Williams