ភាពស្មោះត្រង់របស់​ លោកហេម៉ាន

ខ្ញុំ​មាន​ចិត្ត​ស្ញប់​ស្ញែង​ ចំពោះ​លោក​ហេម៉ាន ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៨៨។ ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់ ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​ ឥត​មាន​ពេល​ស្បើយ។ បាន​ជា​គាត់​រៀប​រាប់​ពី​ទុក្ខ​សោក​របស់​គាត់​ថា “ព្រលឹង​ទូលបង្គំ​​មា​ន​ពេញ​ដោយ​​សេចក្តី​​វេ​ទនា​”(ខ.៣)។ គាត់​មាន​​ចិត្តឆ្អែត​ឆ្អន់​ចំពោះសេ​ច​ក្តី​​​វេ​ទនា​​ហើយ!

លោក​ហេម៉ាន​បានក្រ​ឡេក​មក​ក្រោយ ហើយ​​នឹ​ក​ចាំ​ពី​បញ្ហា​​សុ​ខ​​ភា​ព​ដ៏​ទ្រុ​ឌទ្រោ​ម និងកា​រ​អាក្រក់​ដែល​គាត់​បានជួប​ប្រទះ។ ពេលគា​ត់​មើល​ជុំ​វិញ​​ខ្លួន គាត់​ឃើញ​តែ​ទុក្ខ​លំបាក និង​ភាព​ឯក​កោ។ គាត់​ក៏​ងើយ​មើល​ទៅ​លើ តែ​គាត់​មិន​បាន​ទទួល​ការ​កម្សាន្ត​ចិ​ត្តសោះ។ គាត់ក៏បា​ន​ត្អូញ​ត្អែ​រ​ថា “ទូលប​ង្គំមា​នសេ​ចក្តី​វេទ​នា”(ខ.១៥)។ គាត់​ត្រូវ​​បាន “បំបរ បង់​ចោល”(ខ.៥) “ក្នុង​ទីងងឹត”(ខ.៦) “ដែល​មាន​ពេញ​ទៅ​​ដោយ​​ការ​សង្កត់​​សង្កិន”(ខ.៧,​១៥) និង “ត្រូវ​បាន​ទុក​ចោល”(ខ.១៤)។​ គាត់​មើល​មិន​ឃើញ​មាន​ពន្លឺ នៅ​មា​ត់ផ្លូ​វ ហើយ​ក៏គ្មាន​ដំណោះស្រា​យសម្រាប់​ទុក្ខ​លំបាក​​រប​ស់​គាត់​ដែរ។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ភាព​ស្មោះ​ត្រង់រ​បស់​លោក​ហេម៉ាន បាន​លើក​ទឹក​​​ចិ​ត្ត​ខ្ញុំ។ ខ្ញុំ​មិន​ជឿថា​ មាន​គ្រីស្ទ​បរិស័ទ​ដែល​មិន​ធ្លាប់​ជួប​ទុក្ខ​លំបាក​ឡើយ។ ជា​ការ​ពិត​ណា មនុស្ស​យើង​តែង​ជួប​ការ​លំបាក​ផង និង​ការ​ល្អផ​ង​ជា​ធម្មតា។ គ្មាន​នរណា​ម្នាក់​​ច​ង់​​នៅ​ក្បែរ​មនុស្ស​​ដែល​មួយ​ថ្ងៃ​ៗ គិត​តែ​ពីរ​អ៊ូរ​ទាំ​ពី​ទុក្ខលំ​បាក​របស់​ខ្លួន​ជានិច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំមា​នភាព​ធូរស្បើយក្នុងចិត្ត ពេល​​ដែលខ្ញុំបាន​ដឹង​ថា អ្នក​ដទៃ​ក៏​មា​នទុ​ក្ខ​លំបាក​ដែរ។

ប៉ុន្តែ លោក​ហេម៉ាន​មិ​ន​គ្រាន់​តែមាន​ចិត្ត​ស្មោះត្រ​ង់​ប៉ុណ្ណោះ​ឡើយ។ គាត់​ថែម​ទាំង​មាន ​សេចក្តី​ជំនឿ​ដែល​មិន​ចេះ​រួញ​រា។ ទោះ​បី​ជា​គាត់​មាន​បញ្ហាជា​ច្រើន​យ៉ាង​ណា​ក្តី ក៏​គាត់​នៅ​តែ​តោង​ព្រះឲ្យជា​ប់ ហើយ​ស្រែក​អំពាវ​រក​ទ្រង់ “ទាំង​យប់​​ទាំង​ថ្ងៃ”(ខ.១,៩,១៣)។ គាត់​មិន​បាន​ឈប់​អធិស្ឋាន​ឡើយ។ គាត់​ក៏មិ​ន​ព្រម​ចុះ​ចាញ់​ដែរ។ ហើយ​ទោះបីជា​យ៉ា​ង​ណាក៏​ដោយ គាត់​នៅតែ​ទទួល​ស្គាល់សេចក្តី​ស្រឡាញ់​របស់​ព្រះ ភាព​ស្មោះត្រង់ និង​សេចក្តី​​សុច្ច​រិត​របស់​ទ្រង់ (ខ.១១-១២)។

ខ្ញុំ​ចូល​ចិត្ត​អ្ន​ក​ដែល​មាន​លក្ខណៈ​ដូច​លោក​ហេ​ម៉ាន។ ពួក​គេ​បាន​ជួ​យ​ឲ្យ​ខ្ញុំតោ​ង​​ព្រះ ឲ្យ​កាន់​តែជាប់ ហើយ​ក្រើន​រំ​ឭ​កខ្ញុំ​ មិ​នឲ្យ​ឈប់​អធិស្ឋាន​ឡើយ។ – David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles