
សំលៀងគ្នា ទៅវិញទៅមក
ដោយDennis Fisher
August 21, 2014
ការទំនាក់ទំនង តាមបណ្តាញសង្គម ក្នុងប្រព័ន្ធអ៊ីនធ័រណែត កំពុងមានការកើនឡើងកាន់តែខ្លាំង។ ទោះមនុស្សរស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅតែអាចចែករំលែកពត៌មានដល់គ្នាទៅវិញទៅមក និងអាចជជែកគ្នាពីចម្ងាយ តាមប្រព័ន្ធអ៊ីនធ័រណែត តាមរយៈហ្វេសប៊ុក ប្លក់ ទ្វីតទ័រ និងវេបលីងជាដើម។ ទន្ទឹមនឹងនោះ យើងអាចប្រើបណ្តាញសង្គមទាំងនេះ ដើម្បីចែកចាយ និងទទួលសេចក្តីបង្រៀនខាងវិញ្ញាណផងដែរ។ ប៉ុន្តែ យើងនៅតែចាំបាច់ត្រូវទៅទទួលការបង្រៀន ដោយផ្ទាល់ ពីគ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ។ គឺដូចដែល “លោកអេលីសេ បានដើរតាមហោរ៉ាអេលីយ៉ា”(១ពង្សាវតាក្សត្រ ១៩:២១) និងដូចដែលសាវ័កប៉ុលបានបង្រៀនណែនាំលោកធីម៉ូថេ “ដូចជាកូនខាងព្រលឹងវិញ្ញាណរបស់គាត់”(១ធីម៉ូថេ ១:២)។ គាត់ក៏បានទូន្មានលោកធីម៉ូថេឲ្យរៀបចំប្រព័ន្ធនៃការបង្កើតសិស្សតគ្នា ពីមួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីឲ្យពួកជំនុំមានចំនួនកើនឡើងខាងវិញ្ញាណ ជាពហុគុណ(២ធីម៉ូថេ ២:២)។ លោកម៉ូសេក៏បានបង្គាប់ឪពុកម្តាយទាំងឡាយឲ្យបង្រៀនកូន យ៉ាងយកចិត្តទុកដាក់ គ្រប់ពេលវេលា “ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៧)។ យ៉ាងណាមិញ ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ខ្ពស់បំផុតនៃយើង ទ្រង់ក៏បានបង្រៀនពីររបៀបបង្កើតសិស្ស “គឺទ្រង់តម្រូវ១២នាក់ ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។ តាមរយៈសេចក្តីបង្រៀនក្នុងបទគម្ពីរទាំងនេះ យើងមើលឃើញតម្លៃនៃការទំនាក់ទំនង ដោយជួបមុខទល់នឹងមុខ នៅតាមកន្លែងផ្សេងៗ ដើម្បីឲ្យយើងអាចសំលៀងសេចក្តីជំនឿ និងជីវិតខាងវិញ្ញាណ ដល់គ្នាទៅវិញទៅមក(សុភាសិត ២៧:១៧)។ នៅក្នុងដំណើរនៃជីវិតរបស់យើង គឺមានពេលដែលយើងអាចទទួលបានផលប្រយោជន៍ ពីការណែនាំដ៏វៃឆ្លាត ឬក៏អាចផ្តល់ការណែនាំដ៏វៃឆ្លាតនោះ ទៅដល់អស់អ្នកដែលចង់ដើរតាមផងដែរ។ – Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ដែករមែងសំលៀងដែក ឯមនុស្សដ៏ធ្វើឲ្យមិត្តសំឡាញ់ខ្លួន មុតស្រួចយ៉ាងនោះដែរ។–សុភាសិត ២៧:១៧