ការទំនាក់ទំនង តាមបណ្តាញសង្គម ក្នុងប្រព័ន្ធអ៊ីនធ័រណែត កំពុងមានការកើនឡើងកាន់តែខ្លាំង។ ទោះមនុស្សរស់នៅឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅតែអាចចែករំលែកពត៌មានដល់គ្នាទៅវិញទៅមក និងអាចជជែកគ្នាពីចម្ងាយ តាមប្រព័ន្ធអ៊ីនធ័រណែត តាមរយៈហ្វេសប៊ុក ប្លក់ ទ្វីតទ័រ និងវេបលីងជាដើម។ ទន្ទឹមនឹងនោះ យើងអាចប្រើបណ្តាញសង្គមទាំងនេះ ដើម្បីចែកចាយ និងទទួលសេចក្តីបង្រៀនខាងវិញ្ញាណផងដែរ។
ប៉ុន្តែ យើងនៅតែចាំបាច់ត្រូវទៅទទួលការបង្រៀន ដោយផ្ទាល់ ពីគ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ។ គឺដូចដែល “លោកអេលីសេ បានដើរតាមហោរ៉ាអេលីយ៉ា”(១ពង្សាវតាក្សត្រ ១៩:២១) និងដូចដែលសាវ័កប៉ុលបានបង្រៀនណែនាំលោកធីម៉ូថេ “ដូចជាកូនខាងព្រលឹងវិញ្ញាណរបស់គាត់”(១ធីម៉ូថេ ១:២)។ គាត់ក៏បានទូន្មានលោកធីម៉ូថេឲ្យរៀបចំប្រព័ន្ធនៃការបង្កើតសិស្សតគ្នា ពីមួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីឲ្យពួកជំនុំមានចំនួនកើនឡើងខាងវិញ្ញាណ ជាពហុគុណ(២ធីម៉ូថេ ២:២)។ លោកម៉ូសេក៏បានបង្គាប់ឪពុកម្តាយទាំងឡាយឲ្យបង្រៀនកូន យ៉ាងយកចិត្តទុកដាក់ គ្រប់ពេលវេលា “ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ ហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”(ចោទិយកថា ៦:៧)។ យ៉ាងណាមិញ ព្រះយេស៊ូវគ្រីស្ទ ដែលជាគ្រូបង្រៀនដ៏ខ្ពស់បំផុតនៃយើង ទ្រង់ក៏បានបង្រៀនពីររបៀបបង្កើតសិស្ស “គឺទ្រង់តម្រូវ១២នាក់ ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីឲ្យទ្រង់បានចាត់គេឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។
តាមរយៈសេចក្តីបង្រៀនក្នុងបទគម្ពីរទាំងនេះ យើងមើលឃើញតម្លៃនៃការទំនាក់ទំនង ដោយជួបមុខទល់នឹងមុខ នៅតាមកន្លែងផ្សេងៗ ដើម្បីឲ្យយើងអាចសំលៀងសេចក្តីជំនឿ និងជីវិតខាងវិញ្ញាណ ដល់គ្នាទៅវិញទៅមក(សុភាសិត ២៧:១៧)។ នៅក្នុងដំណើរនៃជីវិតរបស់យើង គឺមានពេលដែលយើងអាចទទួលបានផលប្រយោជន៍ ពីការណែនាំដ៏វៃឆ្លាត ឬក៏អាចផ្តល់ការណែនាំដ៏វៃឆ្លាតនោះ ទៅដល់អស់អ្នកដែលចង់ដើរតាមផងដែរ។ – Dennis Fisher