
ទ្រង់មិនដែលផ្ទំលក់ ក្នុងនគរស្ថានសួគ៌
ដោយJoe Stowell
August 25, 2014
ការចុះចត ស្ថិតក្នុងចំណោមចំណុចដ៏គ្រោះថ្នាក់បំផុត នៃការហោះហើររបស់យន្តហោះ។ នៅពេលដែលយន្តហោះបន្ទាបខ្លួនកាន់តែជិតដល់ដី អាកាសធាតុនៅលើដី ប្រហែលជាមានសភាពអាក្រក់ ខុសឆ្ងាយពីអាកាសធាតុ នៅរយៈកំពស់៩១៤៤ម៉ែត្រ ហើយយន្តហោះដទៃទៀត ប្រហែលជាមិនអាចមើលផ្លូវចុះចតច្បាស់។ ដូចនេះ អ្នកបើកយន្តហោះ ត្រូវពឹងផ្អែកទៅលើអ្នកគ្រប់គ្រងអាកាសចរណ៍ ដើម្បីទទួលបាននូវពត៌មានលម្អិតឲ្យបានច្បាស់លាស់ មុននឹងចុះចត ដើម្បីមិនឲ្យមានគ្រោះថ្នាក់កើតឡើង។ ហេតុនេះ បើសិនជាគ្មានអ្នកគ្រប់គ្រងអាកាសចរណ៍ទេ វិនាសកម្មប្រាកដជានឹងកើតមានមិនខានទេ។ ដូចនេះ សូមយើងនឹកស្រមៃ អំពីភាពជ្រួលច្របល់ដែលអាចកើតមាន ពេលដែលអ្នកបើកបរយន្តហោះ បានព្យាយាមទាក់ទងទៅប៉មគ្រប់គ្រងអាកាសចរណ៍ តែមិនបានទទួលការឆ្លើយតបសោះ។ ទីបំផុត គេក៏បានដឹងថា អ្នកគ្រប់គ្រងអាកាសចរណ៍បានដេកលក់ហើយ ជាហេតុធ្វើឲ្យអ្នកបើកបរយន្តហោះ អ្នកដំណើរ និងយន្តហោះទាំងមូលស្ថិតក្នុងសភាពគ្រោះថ្នាក់។ តែបន្ទាប់មក ពួកគេធូរស្បើយក្នុងអារម្មណ៍ជាខ្លាំង ពេលបានទទួលដំណឹងល្អថា យន្តហោះនោះបានចុះចតដោយសុវត្ថភាពហើយ។ ទោះជាយ៉ាងណាក៏ដោយ មានដំណឹងល្អដែលកាន់តែល្អជាងនេះទៅទៀត ដែលចង់ប្រាប់យើងថា ព្រះដែលទ្រង់ជាអ្នកគ្រប់គ្រងដំណើរជីវិតរបស់យើង ទ្រង់មិនដែលងោកងុយ ឬផ្ទំរលីវឡើយ។ ទ្រង់ទតមើលពីស្ថានលើមក ឃើញហេតុការណ៍ទាំងអស់ដែលកើតឡើង ក្នុងនិងជុំវិញជីវិតរបស់យើង។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានកត់ទុកថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់នឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ។ ព្រះអង្គដែលរក្សាអ្នក ទ្រង់មិនផ្ទំរលីវឡើយ”(១២១:២-៣)។ អ្នកអាចមានទំនុកចិត្តថា ព្រះទ្រង់ជ្រាបអំពីគ្រោះថ្នាក់ ដែលជិតកើតមាន ហើយទ្រង់នឹងដឹកនាំចរាចរណ៍នៃដំណើរជីវិតអ្នក ដោយគ្មាននឿយហត់ ដើម្បីជាប្រយោជន៍ និងសិរីល្អរបស់ទ្រង់(រ៉ូម ៨:២៨)។–Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ព្រះអង្គដែលថែរក្សាអ្នក ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ។–ទំនុកដំកើង ១២១:៣