កាលពី១១ឆ្នាំមុន ថ្ងៃ២៨ សីហា គឺជាថ្ងៃ ដែលមិត្តសម្លាញ់របស់ខ្ញុំ គឺលោក ខឺត ឌើហាន(Kurt De Haan)បានចេញទៅក្រៅ ដើម្បីរត់ហាត់ប្រាណ នៅពេលបាយថ្ងៃត្រង់ ហើយគាត់ក៏បានលាចាកលោក លែងត្រឡប់មកវិញ ជារៀងរហូត។ គាត់ជាអ្នកគ្រប់គ្រង ផ្នែកកែសម្រួលអត្ថបទនៃ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ គាត់បានទទួលមរណៈភាព ដោយសារជម្ងឺគាំងបេះដូង នៅថ្ងៃអង្គារ៍ នារដូវក្តៅ។ ក្នុងចំណោមពួកយើង ដែលធ្លាប់ធ្វើការជាមួយលោកខឺត មានអ្នកខ្លះ នៅតែដាក់តាំងវត្ថុអនុស្សាវរីយរបស់គាត់នៅក្នុងការិយាល័យ ដើម្បីនឹកចាំពីគាត់។
តួយ៉ាង នៅលើជញ្ជាំងខ័ណ្ឌនៃកូនបន្ទប់ធ្វើការរបស់ខ្ញុំ ខ្ញុំបានដាក់តាំងវត្ថុអនុស្សាវរីយចុងក្រោយ ដែលខ្ញុំបានទទួលពីលោកខឺត កាលគាត់នៅរស់។ វាបានរំឭកខ្ញុំ អំពីភាពហ្មត់ចត់ដែលគាត់មាន ក្នុងនាមជាអ្នកកែសម្រួលអត្ថបទម្នាក់ ដែលចង់បកស្រាយព្រះបន្ទូលព្រះ ឲ្យត្រឹមត្រូវ និងល្អប្រសើរ។ មិត្តរួមការងាររបស់យើងម្នាក់ទៀត ក៏បានដាក់តាំងសំណុំសន្លឹកសៀវភៅចុងក្រោយមួយដុំ ដែលលោកខឺតបានឆ្មូល ហើយបោះទៅកន្លែងធ្វើការរបស់នាង ហើយសំណុំក្រដាស់មួយនោះ បានធ្វើឲ្យនាងនឹកចាំថា គាត់ជាមនុស្សដែលចូលចិត្តភាពរីករាយក្នុងជីវិត។
គ្រប់ពេលដែលយើងនិយាយគ្នា អំពីលោកខឺត និងអំពីទំហំនៃការនឹករឭក ដែលយើងមានចំពោះគាត់ យើងក៏បានពិភាក្សាគ្នា អំពីការដែលគាត់មានបុគ្គលិកលក្ខណៈចូលចិត្តភាពរីករាយ ទន្ទឹមនឹងពេលដែលគាត់ខំសង្វាតធ្វើការឲ្យបានល្អប្រសើរបំផុត។ គាត់ខិតខំធ្វើការងារ ហើយក៏ស្រឡាញ់ជីវិតរបស់គាត់ផងដែរ។ គាត់បានខំបង្រៀនព្រះបន្ទូលព្រះ តាមរបៀបដ៏ត្រឹមត្រូវ ហើយទន្ទឹមនឹងនោះ គាត់ក៏មានអំណរ ក្នុងជិវិតរបស់គាត់ផងដែរ។
ការនឹកចាំពីលោកខឺត និងគំរូរបស់គាត់ បាននាំឲ្យយើងមានគំនិតស្រស់ថ្លា ហើយក៏បានលើកទឹកចិត្តយើងផងដែរ។ ការនេះបានរំឭកយើងថា អ្នកដទៃកំពុងមើលយើង ហើយគេអាចប្រាប់ ថាតើយើងកំពុងបម្រើ “ព្រះអម្ចាស់ ដោយអំណរ” ឬទេ(ទំនុកដំកើង ១០០:២) ហើយតើយើងបានបង្ហាញសេចក្តីស្រឡាញ់ដល់ព្រះយេស៊ូវ តាមរយៈការល្អដែលយើងធ្វើថ្វាយទ្រង់ឬទេ(អេភេសូរ ២:១០)។ ចូរយើងបម្រើព្រះឲ្យបានល្អ ព្រមទាំងបម្រើដោយអំណរផង។ តើនេះជាលក្ខណៈនៃការបម្រើ ដែលយើងបានធ្វើថ្វាយព្រះសង្គ្រោះនៃយើងឬ?–Dave Branon