ការប្រែចិត្តទាំងស្រុង

លោក​ប៊ីល(Bill) គឺ​ជា​មិត្ត​ភ័ក្រ​របស់​ខ្ញុំ កាល​រៀន​នៅសា​លា​ព្រះ​គម្ពីរ​ជា​មួយ​គ្នា។ គាត់​បាន​ទទួល​ជឿ​ព្រះ​ ដោយ​លា​ចាក​ពី​ការ​រ​ស់នៅ​ ដែល​ពេញ​ដោយ​អំពើ​បាប​ដ៏​ស្មោក​គ្រោក។ គាត់បា​​នរៀ​ប​រាប់ ​ពីទី​បន្ទាល់​នៃជីវិត​របស់​គាត់ យ៉ាង​ដូច​នេះ​ថា “មាន​ពេល​មួយ ​ខ្ញុំបាន​បើក​បរឡា​ន តាម​ដង​ផ្លូវ ដោយ​មាន​ស្រា​ប្រេន​ឌី​ផឹក នៅ​ក្នុង​ដៃ​ផង ហើយ​មាន​ប្រពន្ធ​របស់​​គេ​ម្នាក់​ អង្គុយ​នៅ​ក្បែរ​ខ្ញុំទៀ​ត។ នៅ​ពេល​ដែ​ល​ខ្ញុំ​ឃើញ​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន កំពុង​ផ្សាយ​ដំណឹង​​ល្អ​​ អំពី​​ព្រះ​គ្រីស្ទ ដ​ល់អ្នក​ដំណើរ​នៅតាមចិញ្ចើ​ម​​ផ្លូវ ខ្ញុំក៏​​បាន​បើក​អែ​បពួ​ក​គេ ហើយ​ស្រែក​​​ឲ្យ​ថា ​‘ពួក​អាភ្លើ!’ ប៉ុន្តែ ពីរ​បី​សប្តាហ៍​ក្រោយម​ក ខ្ញុំ​​ក៏​បាន​ទៅ​លុត​ជង្គង់​នៅ​ក្នុង​ព្រះវិហារ ហើយ​អធិ​ស្ឋាន​ទទួ​លព្រះ​​យេស៊ូវ ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គ​សង្គ្រោះនៃជី​វិត​ខ្ញុំ។” ការ​ប្រែ​ចិត្ត​របស់​លោក​ប៊ីល ក៏​បាន​នាំ​ឲ្យគា​ត់​លះប​ង់ចោ​លជី​វិត​ចាស់​របស់​គាត់ ហើយ​ពិសោធ​នូវ​ជីវិត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ។ នេះ​ជា​ដំណើរ​នៃកា​រ​ផ្លា​ស់​ប្រែ​ជីវិត​ទាំង​ស្រុង។

ការ​ប្រែចិ​ត្ត​ដ៏​ពិត​ប្រាកដកើត​ឡើង ពេលដែល​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្តាល​ចិត្ត ហើយ​ក៏​រាប់​បញ្ចូល​ការ​ផ្លាស់​ប្រែ​ទាំង​ស្រុង​ផង​ដែរ។ ជា​ញឹក​ញាប់ ​យើងសង្កេត​ឃើញ​ថា អ្នក​ណាដែ​លមា​ន​ការ​ប្រឆាំ​ងនឹ​ងដំ​ណឹង​ល្អកា​ន់​តែខ្លាំ​ង មុន​ពេល​ប្រែ​ចិត្ត ​អ្នក​នោះច្រើ​នតែ​មា​ន​ការ​ផ្លា​ស់ប្រែ​ ក្នុង​ជីវិត​កាន់​តែ​ខ្លាំង​ផ​ង​ដែរ។ ជាក់​​ស្តែង នៅ​ពេលដែលលោក​សុល ដែល​ជាអ្ន​ក​ស្រុក​តើ​សុស បាន​ជួប​ព្រះ​​គ្រីស្ទ ​​នៅ​​តា​ម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស ជីវិត​គាត់​ក៏បាន​ផ្លា​ស់ប្រែ​ ពីអ្ន​ក​​បៀ​ត​​បៀន ម​កជា​អ្ន​​ក​ប្រកាស​ដំណឹង​ល្អ​វិញ។ បាន​ជា​មាន​មនុស្ស​ជា​ច្រើនបា​នធ្វើ​ការ​ក​​ត់​​​សំគា​ល់​ថា “អ្នក​ដែល​ធ្វើ​ទុក្ខ​គេកាល​ពីដើ​ម ឥឡូវនេះ​កំ​ពុង​ផ្សាយ​ដំណឹង​ពី​សេច​ក្តីជំនឿ​ ដែល​ខ្លួ​នបាន​បំផ្លាញ​ពី​ដើម​នោះ​វិញ”(កាឡាទី ១:២៣)។

ការ​ផ្លាស់​ប្រែ​ដ៏​​ពិ​ត​ប្រាកដ ត្រូវ​មាន​ការ​ប្រែ​ចិ​ត្ត ដែល​ជាកា​រ​ផ្លាស់​ប្រែគំនិត ​និង​ទិស​ដៅនៃ​ជីវិត​។ សម្រាប់​អ្ន​ក​​ដើរ​តាម​ព្រះគ្រី​ស្ទ ការ​ប្រែចិត្តគឺ​មា​ន​ន័យ​ថា​ ពួក​គេបន្ត​ងាក​បែ​រចេញ​​ពី​​អំពើ​បាប​ជានិច្ច ហើយ​ងាក​បែរ​មក​រក​ព្រះគ្រីស្ទ ដោយស្តា​ប់ប​ង្គាប់​ទ្រ​ង់។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles