
អ្វីដែលយើងត្រូវការ
ដោយDave Branon
September 15, 2014
ក្នុងពេលកន្លងមកនេះ ខ្ញុំបានទទួលដំណឹងដ៏សោកសៅជាបន្តបន្ទាប់ ពីមិត្តភ័ក្រ និងពួកជំនុំ។ កូនស្រីរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាកចោលប្តី និងកូនៗរបស់នាង។ ថ្មីៗនេះ ខ្ញុំក៏បានទទួលដំណឹងពីបុរសជាឪពុកមួយចំនួន ដែលបានបាត់បង់កូនប្រុសវ័យជំទង់ នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា។ ក្រោយមក ខ្ញុំក៏បានដឹងថា ពួកចាស់ទុំ ដែលជាបង្គោលនៃពួកជំនុំ កំពុងមានបញ្ហាសុខភាពជាច្រើន បន្ទាប់ពីបានចូលនិវត្តន៍។ អ្នកប្រហែលជាធ្លាប់ឮដំណឹងអាក្រក់ដូចនេះ ហើយអ្នកក៏ប្រហែលជាមានរឿងដ៏សោកសៅផ្ទាល់ខ្លួនផងដែរ។ តើយើងទៅរកជំនួយ នៅទីណា ពេលដែលការលំបាក និងការឈឺចាប់ កំពុងតែអង្រួនសេចក្តីជំនឿរបស់យើង ហើយកំពុងឆក់យកដំណក់ចុងក្រោយ នៃសេចក្តីអំណររបស់យើងនោះ? ស្ថិតក្នុងស្ថានភាពបែបនេះ យើងគួរតែទៅរកបទគម្ពីរ ២កូរិនថូស ១:៣ ដែលពេញទៅដោយ សេចក្តីសង្ឃឹម ជំនួយ និងភាពដែលអាចធ្វើទៅរួច។ ក្នុងបទគម្ពីរនេះ យើងអាចកត់សំគាល់ឃើញថា ការសរសើរដំកើង ដែលសាវ័កប៉ុលមានចំពោះព្រះ គឺមានពីរផ្នែក(សូមចាំថា មនុស្សភាគច្រើន មិនដែលមានការតស៊ូ និងបញ្ហាច្រើនដូចសាវ័កប៉ុលឡើយ)។ ទីមួយ : គាត់បានសរសើរដំកើងព្រះ ដែលមិនគ្រាន់តែជាព្រះរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាព្រះ និងព្រះវរបិតារបស់ព្រះយេស៊ូវ។ ដូចនេះ សូមពិចារណា អំពីអំណាច និងសេចក្តីស្រឡាញ់ ដែលមាននៅក្នុងទំនាក់ទំនងនេះចុះ។ បន្ទាប់មក គាត់មានដំណឹងកាន់តែល្អជាងនោះទៀត សម្រាប់យើង គឺថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់ជាព្រះដែលមានសេចក្តីមេត្តា និងការអាណិតអាសូរ។ ទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង ដោយសេចក្តីស្រឡាញ់ ដ៏អស់កល្ប និងប្រកបដោយព្រះគុណ។ មិនតែប៉ុណ្ណោះ ទ្រង់ថែមទាំងជាព្រះ នៃការកម្សាន្តចិត្តគ្រប់ជំពូក។ តើអ្នកត្រូវការការអាណិតឬ? តើអ្នកត្រូវការការកម្សាន្តចិត្តឬ? ចូរចូលទៅចំពោះព្រះចុះ។ ទ្រង់មានការអាណិត និងការកម្សាន្តចិត្តដែលគ្មានទីបញ្ចប់ ហើយទ្រង់បានត្រៀមខ្លួនជាស្រេច ដើម្បីចាក់បង្ហូរព្រះពរទាំងនេះ មកលើអ្នកជាបរិបូរ។ ទ្រង់ជាអ្វីដែលយើងត្រូវការ ក្នុងពេលមានបញ្ហា!–Dave Branon
បទគម្ពីរប្រចាំថ្ងៃ
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះ វរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក។–២កូរិនថូស ១:៣