ឧបមាថា អ្នកកំពុងអង្គុយអរសប្បាយ នឹងការប្រគុំតន្រ្តី រឿងល្ខោន ឬខ្សែភាពយន្ត នៅក្នុងមហោស្រពមួយ ដែលគេបានបិទភ្លើងឲ្យងងឹត។ ភ្លាមនោះ ស្រាប់តែមានទូរស័ព្ទស្មាតហ្វូនរបស់នរណាម្នាក់ បានបញ្ចេញពន្លឺឡើង នៅក្នុងចំណោមនោះ។ ម្ចាស់ទូរស័ព្ទនោះក៏បានបើកមើលសារ ដែលគេបានផ្ញើមកគាត់ ហើយគាត់ប្រហែលជាចំណាយពេល ដើម្បីឆ្លើយតបសារនោះផងក៏មិនដឹង។ នៅក្នុងសៀវភៅដែលមានចំណងជើងថា ការខ្វះការពិចារណា: ការអ្វីដែលអ៊ីនធ័រណិត កំពុងធ្វើមកលើខួរក្បាលរបស់យើង លោកនីកូឡាស ខារ(Nicholas Carr)បានមានប្រសាសន៍ថា នៅក្នុងពិភពលោកដែលតភ្ជាប់គ្នា ដោយអ៊ីនធ័រណិត យើងកាន់តែពិបាកប្រឆាំង “អារម្មណ៍ដែលចេះតែរំពឹងថាមាននរណាម្នាក់ប្រហែលជាបានផ្ញើសារមកយើង”។
កាលលោកសាំយ៉ូអែលនៅក្មេង គាត់បានឮសម្លេងហៅឈ្មោះគាត់ ហើយគាត់គិតថា សម្លេងនោះជាសម្លេងរបស់សម្តេចសង្ឃ អេលី ដែលកំពុងបម្រើព្រះ នៅក្នុងរោងឧបោសថ(១សាំយ៉ូអែល ៣:១-៧)។ ពេលដែលលោកអេលីបានដឹងថា ព្រះកំពុងហៅសាំយ៉ូអែល គាត់ក៏បានប្រាប់ក្មេងប្រុសម្នាក់នេះឲ្យឆ្លើយតប។ ពេលដែលព្រះហៅឈ្មោះគាត់ជាលើកទីបួន “សាំយ៉ូអែល ក៏បានទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ក្រោយមក លោកសាំយ៉ូអែលក៏មានទម្លាប់ប្រុងចិត្តស្តាប់ព្រះសូរសៀងរបស់ព្រះ នៅក្នុងការរស់នៅ ពេលដែល “ព្រះអម្ចាស់តែងលេចមក ឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលទ្រង់”(ខ.២១)។
តើនៅថ្ងៃនេះ យើងកំពុងស្តាប់ព្រះសូរសៀងរបស់ព្រះ ក្នុងជីវិតរបស់យើងឬទេ? តើយើងមានចំណាប់អារម្មណ៍ ចំពោះសម្លេងរ៉ោទ៍របស់ទូរស័ព្ទទំនើបរបស់យើង ខ្លាំងជាងព្រះសូរសៀងដ៏តូចឆ្មានៃព្រះអម្ចាស់ ដែលបានបន្លឺឡើង តាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណរបស់ទ្រង់ឬ?
សូមឲ្យយើងរៀនស្គាល់ព្រះសូរសៀងរបស់ព្រះ ហើយតបទ្រង់ថា “ឱព្រះអម្ចាស់អើយ សូមមានបន្ទូលមក ទូលបង្គំប្រុងចិត្តស្តាប់ហើយ”។–David McCasland