មានក្មេងប្រុសម្នាក់ ឈ្មោះ រីលេយ(Riley) បានវាយតប់គ្នា ជាមួយក្មេងប្រុសម្នាក់ទៀត ឈ្មោះអេវ៉ារី(Avery) នៅក្នុងសួនកុមាររបស់សាលារៀន បន្ទាប់ពីការប្រកួតបាល់ទាត់បានបញ្ចប់។ គ្រូបង្រៀនក៏បានបំបែកក្មេងទាំងពីរ ហើយក៏នាំពួកគេទៅការិយ៉ាល័យនាយកសាលា។ ក្រោយមក អេវ៉ារីបាននិយាយថា “មែនហើយ យើងទាំងពីរតែងតែមានរឿងជាមួយគ្នាអញ្ចឹងឯង”។ ប៉ុន្តែ ក្មេងម្នាក់នេះបានចែកចាយថា វាបានរៀននូវមេរៀនមួយ គឺថា “ព្រះតែងតែគង់នៅជាមួយយើងជានិច្ច ទោះបីជាយើងមានរឿងច្រើនដូចនេះក៏ដោយ”។
ប្រជាជាតិអ៊ីស្រាអែលបានជួបប្រទះបញ្ហាដ៏ធំមួយ។ ប៉ុន្តែ ព្រះអម្ចាស់បានសន្យាថា នឹងប្រទានអ្នកដឹកនាំម្នាក់ ដល់ពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ”(យ៉ូស្វេ ១:៥)។ លោកយ៉ូស្វេក៏បានក្លាយជាអ្នកដឹកនាំពួកអ៊ីសា្រអែល បន្ទាប់ពីលោកម៉ូសេបានលាចាកលោក គឺនៅពេលដែលពួកគេត្រៀមខ្លួនចូលទឹកដីសន្យា។ មានឧបស័គ្គធំៗជាច្រើនកំពុងរង់ចំាពួកគេ នៅខាងមុខ ហើយពួកគេត្រូវលើកទ័ពជាច្រើនសារ ដើម្បីប្រយុទ្ធនឹងខ្មាំងសត្រូវ នៅក្នុងទឹកដីនោះ(៨:៣ ៩:១-២)។ បើព្រះមិនបានគង់នៅជាមួយពួកគេទេ នោះពួកគេមិនអាចចាប់ផ្តើមចូល ទៅចាប់យកទឹកដីសន្យាឡើយ។
លោកយ៉ូស្វេមានជំនឿយ៉ាងរឹងមាំ ចំពោះព្រះអម្ចាស់ ជាពិសេស នៅពេលដែលគាត់ចូលទៅសង្កេតមើលទឹកដីកាណាន(ជនគណនា ១៤:៦-៩)។ ប៉ុន្តែ ព្រះបានក្រើនរំឭកគាត់ ដោយព្រះទ័យមេត្តាករុណា ពេលដែលគាត់បំពេញតួនាទីជាអ្នកដឹកនាំ ដើម្បីឲ្យគាត់មានសេចក្តីក្លាហាន ដោយសារទ្រង់គង់នៅជាមួយ។ ព្រះអម្ចាស់ក៏បានប្រទានសេចក្តីសន្យាថា នឹងគង់នៅជាមួយកូនរបស់ទ្រង់ នៅសម័យបច្ចុប្បន្នផងដែរ(ហេព្រើរ ១៣:៥-៦)។
មេរៀននេះ បានផ្តល់នូវការកម្សាន្តចិត្ត ដល់កូនរបស់ព្រះទាំងក្មេងចាស់ ជាពិសេស នៅពេលដែលពួកគេដឹងថា ព្រះអម្ចាស់តែងតែគង់នៅជាមួយយើងជានិច្ច គឺសូម្បីតែនៅពេលដែលយើងកំពុងតែមាន “បញ្ហាច្រើនយ៉ាងនេះក៏ដោយ”។–Anne Cetas