ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានបាត់បង់ការងារ ដែលជាវិជ្ជាជីវៈដែលខ្ញុំបានជ្រើសរើស ដោយសារតែខ្ញុំមិនអាចគ្រប់គ្រងស្ថានការណ៍នៅពេលនោះបាន។ ហេតុនេះហើយ ខ្ញុំក៏បានទៅធ្វើការងារពីរផ្សេងគ្នា ដែលមានប្រាក់ចំណូលតិចជាងមុន ដើម្បីបំពេញសេចក្តីត្រូវការក្នុងគ្រួសារ។ ប៉ុន្តែ ខ្ញុំនៅតែពិបាករកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ សម្រាប់ការចំណាយប្រចាំខែ។
បន្ទាប់មក ខ្ញុំក៏បានទាក់ទងលោកយ៉ូអែល(Joel) និងលោកដេវ(Dave) ដែលសុទ្ធតែជាមិត្តភ័ក្ររបស់ខ្ញុំកាលពីមុន។ លោកយ៉ូអែលបានក្លាយជាគ្រូគង្វាល នៃពួកជំនុំមួយកន្លែង ដែលកំពុងមានការលូតលាស់ នៅតំបន់ជាងក្រុង។ លោកដេវបានក្លាយជាបេសកជនក្រៅប្រទេស ប៉ុន្តែ កាលនោះ គាត់កំពុងមកលេងសហរដ្ឋអាមេរិក។ អ្នកទាំងពីរ ក៏បានដឹងអំពីការលំបាករបស់ខ្ញុំ ហើយក៏បានផ្តល់ប្រាក់កាសឲ្យខ្ញុំ ដើម្បីជួយបង់ថ្លៃឈ្នួលផ្ទះ។ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលខ្ញុំគិតអំពីអំពើល្អរបស់ពួកគេ ខ្ញុំបានប្រាប់ខ្លួនឯងថា “ខ្ញុំទើបតែបានឃើញព្រះយេស៊ូវគ្រីស្ទ!”
ជួនកាល អ្នកដទៃក៏អាចមើលឃើញទ្រង់ នៅក្នុងយើង ដូចដែលខ្ញុំបានឃើញទ្រង់ នៅក្នុងមិត្តភ័ក្ររបស់ខ្ញុំផងដែរ។ សាវ័កប៉ុលបានមានប្រសាសន៍អំពី “ព្រះគ្រីស្ទ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម”(កូល៉ុស ១:២៧)។ គាត់បានសារភាពថា “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែ ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ”(កាឡាទី ២:២០)។ ហើយគាត់ក៏បានដឹងផងដែរថា ស្ថានភាពផ្សេងៗដែលយើងជួបប្រទះ អាចជាឱកាស សម្រាប់ “ឲ្យព្រះជន្មនៃទ្រង់បានសម្តែងមក ក្នុងរូបកាយយើងខ្ញុំដែរ”(២កូរិនថូស ៤:១០)។
តើអ្នកដឹងថា មាននរណាម្នាក់កំពុងមានការពិបាក ដោយសារបន្ទុកខាងសាច់ឈាម ឬផ្នែកហិរញ្ញវត្ថុឬទេ? បើអញ្ចឹងមែន សូមអនុញ្ញាតឲ្យព្រះគ្រីស្ទ ដែលគង់ក្នុងជីវិតអ្នក បង្ហាញក្តីស្រឡាញ់របស់ទ្រង់ តាមរយៈអ្នក ដោយបំពេញសេចក្តីត្រូវការរបស់គាត់ចុះ។–Dennis Fisher