ក្រាំងសមុទ្រស្លាប់ ដែលគេបានរកឃើញ នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ បានផ្ទុកទៅដោយក្រាំងចម្លងនៃព្រះគម្ពីរភាសាហេព្រើរ(សញ្ញាចាស់) ដ៏ចំណាស់បំផុត។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ គេបានការពារក្រាំងទាំងនោះយ៉ាងប្រុងប្រយ័ត្ន ហើយជាញឹកញាប់ មានតែអ្នកប្រាជ្ញមួយក្រុមតូចប៉ុណ្ណោះ ដែលគេបានអនុញ្ញាតឲ្យប្រើក្រាំងទាំងនោះ។ ក្នុងកិច្ចប្រឹងប្រែងអភិរក្ស និងបើកទូលាយឲ្យមនុស្សកាន់តែច្រើន បានមើលបំណែកព្រះគម្ពីរបុរាណទាំងនេះ អាជ្ញាធរវត្ថុបុរណនៃប្រទេសអ៊ីស្រាអែលបានធ្វើការជាដៃគូជាមួយក្រុមហ៊ុនហ្គុគហ្គល(Google) ដើម្បីបើកចំហរ ឲ្យមនុស្សគ្រប់គ្នាអាចបើកមើលរូបភាពដែលមានគុណភាពខ្ពស់ របស់ក្រាំងទាំងនោះ ដែលមានអាយុជាង ២ពាន់ឆ្នាំ នៅតាមបណ្តាញអ៊ីនធ័រណិត។
នេះជាដំណឹងដ៏ល្អ សម្រាប់អ្នកប្រាជ្ញ ក៏ដូចជាសម្រាប់អ្នកសិក្សាដែលចង់ស្វែងយល់អំពីក្រាំងនេះ។ ហើយការនេះក៏បានរំឭកយើង អំពីកំណប់ទ្រព្យដ៏អស្ចារ្យ ដែលយើងកំពុងតែមានក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ ទាំងមូល អ្នកនិពន្ធបានលើកសរសើរលក្ខណៈដ៏អស់កល្ប និងប្រាជ្ញាដែលកែប្រែជីវិត ដែលមានក្នុងព្រះបន្ទូលព្រះ។ នៅក្នុងផ្នែកកណ្តាលនៃបទគម្ពីរនេះ អ្នកនិពន្ធបានប្រកាស់ថា “ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង”(ខ.៩៣)។
ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើនមានព្រះគម្ពីរសម្រាប់ប្រើ ស្ទើរតែអស់មួយជីវិតហើយ ប៉ុន្តែ តើយើងបានចំណាយពេលច្រើនប៉ុណ្ណា នៅក្នុងការអាន និងសិក្សាព្រះគម្ពីរ? តើយើងបានគិតស៊ីជម្រៅប៉ុណ្ណា អំពីអត្ថន័យនៃបទគម្ពីរដែលយើងបានស្គាល់? ហេតុអ្វីបានជាយើងមិនយកការអានព្រះគម្ពីរ ជាអទិភាព ជាប្រចាំថ្ងៃ? ចូរទូលសូមឲ្យព្រះដឹកនាំ បង្រៀន និងពង្រឹងជំនឿរបស់អ្នក តាមរយៈព្រះបន្ទូលរបស់ទ្រង់ ក្នុងព្រះគម្ពីរ។ ព្រះគម្ពីរជាប្រភពធនធានដ៏អស្ចារ្យបំផុត ដែលព្រះបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាអាន និងទទួលយក។–David McCasland