នៅឆ្នាំ១៦៦៦ មានមនុស្សជាច្រើននៅទីក្រុងឡុង បានយល់ថា ឆ្នាំនោះជាឆ្នាំដែលព្រះយេស៊ូវនឹងយាងមកវិញ ជាលើកទីពីរ។ អ្នកដែលងប់ចិត្តនឹងការថ្លែងទំនាយ បានបូករយៈពេល១០០០ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែមពីលើរយៈពេល៦៦៦ឆ្នាំ (ដែលលេខ៦៦៦ជាលេខរបស់អាទទឹងព្រះគ្រីស្ទ) ហើយពួកគេក៏រកបានលេខឆ្នាំ១៦៦៦ថា ជាឆ្នាំដែលទ្រងនឹងយាងមកវិញម្តងទៀត។
អ្នកនៅទីក្រុងឡុងយល់ថា ពិភពលោកហាក់ដូចជាជិតរលាយមែន ពេលដែលក្នុងឆ្នាំ១៦៦៥ មានជម្ងឺរាតត្បាតមួយ បានលេបត្របាក់ជីវិតមនុស្សមួយសែននាក់ នៅទីក្រុងឡុង។ បន្ទាប់មក នៅខែកញ្ញាឆ្នាំ ១៦៦៦ មានអគ្គីភ័យឆាបឆេះផ្ទះរាប់ម៉ឺនខ្នង។ ពេលនោះ អ្នកខ្លះឆ្ងល់ថា តើពេលនេះ មិនមែនជាពេលចុងបញ្ចប់នៃលោកិយ តាមបទទំនាយនៃព្រះគម្ពីរទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏បានកន្លងផុតទៅ ហើយមនុស្សក៏បន្តរស់នៅជាធម្មតា នៅលើផែនដីដូចកាលពីមុនទៀត។
សូម្បីតែនៅសម័យយើងនេះ ក៏មានអ្នកដែលថ្លែងទំនាយ អំពីថ្ងៃដែលផែនដីត្រូវបញ្ចប់ផងដែរ។ ពេលដែលគេថ្លែងទំនាយ អំពីកាលបរិច្ឆេទនោះម្តងៗ សារពត៌មានបានផ្សព្វផ្សាយអំពីភាពរំជើបរំជួល ប៉ុន្តែ នៅទីបំផុត កាលបរិច្ឆេទដែលគេបានទាយទុកនោះ ក៏បានកន្លងផុតទៅ។
តាមប្រាជ្ញារបស់ព្រះ ទ្រង់បានលាក់ទុកពេលកំណត់នៃការយាងមកវិញនៃព្រះគ្រីស្ទ មិនឲ្យយើងដឹងឡើយ ព្រោះព្រះយេស៊ូវបានមានបន្ទូលហើយថា “ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។ ការទន្ទឹងរង់ចាំការយាងមកវិញនៃព្រះគ្រីស្ទ បានជួយឲ្យគ្រីស្ទបរិស័ទមានចិត្តឆេះឆួល ក្នុងការងារបម្រើព្រះ និងមានការរីកលូតលាស់ខាងវិញ្ញាណ នៅគ្រប់សម័យកាល ទោះបីជាគេទាយថា ទ្រង់នឹងយាងមកនៅថ្ងៃនេះ ឬថ្ងៃនោះក៏ដោយ(២៥:១-១៣ ១យ៉ូហាន ៣:២-៣)។ ចូរដឹងច្បាស់ថា ការយាងមកនៃព្រះគ្រីស្ទ ពឹតជានឹងកើតឡើងនៅពេលណាមួយមែន។ ហើយខណៈពេលដែលយើងកំពុងទន្ទឹងរង់ចាំថ្ងៃនោះ ការរស់នៅរបស់យើងគួរតែមានទៅដោយ “កិរិយាបរិសុទ្ធ និងការគោរពប្រតិបត្តិព្រះ”(១ពេត្រុស ៣:១១)។–Dennis Fisher