បើអ្នកបានបើកបរ តាមភាគខាងជើងនៃផ្ទះរបស់ខ្ញុំ នៅក្រុងប៊ស(Boise) រដ្ឋអ៊ីដាហូ(Idaho) អ្នកនឹងឃើញកូនភ្នំភ្លើងមួយ ដែលបានបង្ហាញខ្លួននៅកណ្តាលកូនព្រៃ ដែលនៅខាងកើតផ្លូវ។ គេបានប្រើទីតាំងនេះ ជាចំណុចចាប់ផ្តើមនៃការវាស់វែងដី នៅក្នុងរដ្ឋអ៊ីដាហូ។
នៅឆ្នាំ១៨៦៧ ពេលដែលទឹកដីអ៊ីដាហូត្រូវបានគេកាត់បញ្ចូលទៅក្នុងសហរដ្ឋអាមេរិកបានបួនឆ្នាំ លោកឡាហ្វាយេត ខាទី(Lafayette Cartee) ដែលជានាយកផ្នែកវាស់វែងដី នៃសហរដ្ឋអាមេរិក បានចាត់លោកភីទ័រ ប៊ែល(Peter Bell) ឲ្យទៅវាស់វែងទឹកដីថ្មីមួយនេះ។ លោកប៊ែលបានជិះរទេះ ចូលទៅរកកូនភ្នំតូចមួយ ហើយក៏បានឡើងទៅដល់កំពូលកូនភ្នំនោះ ហើយក៏បានកំណត់យក កន្លែងនោះជាចំណុចចាប់ផ្តើម នៃការវាស់វែងដីរបស់គាត់។
ការវ៉ាសវែងដីនោះ ត្រូវបានគេពិពណ៌នាជាភាសាប្រចាំរដ្នអ៊ីដាហូថា : គេត្រូវរៀបចំឲ្យមានបណ្តាទីក្រុង នៅខាងជើង និងខាងត្បូង នៃចំណុចចាប់ផ្តើមនៃការវាស់វែងដីនេះ ហើយឲ្យមានវាលទំនាប គឺនៅខាងកើត និងខាងលិចនៃចំណុចចាប់ផ្តើមនេះ។ ពេលដែលអ្នកបានមកដល់រដ្ឋនេះ អ្នកអាចដឹងពីទីតាំងពិតប្រាកដរបស់ខ្លួន តាមការពិពណ៌នានេះឯង។
យើងប្រហែលជាបានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ ព្រះបន្ទូលព្រះ គឺជា “ចំណុចចាប់ផ្តើម” របស់យើង ជាចំណុចយោងដែលមិនប្រែប្រួល។ លោកចន វេសលី(John Wesley) បានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ គាត់តែងតែហៅខ្លួនឯងថា “បុរសដែលមានសៀវភៅតែមួយក្បាល”។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះគម្ពីរ ដែលជាសៀវភៅ លើអស់ទាំងសៀវភៅ និងជាព្រះបន្ទូលព្រះឡើយ។ ពេលដែលយើងអនុញ្ញាតឲ្យព្រះគម្ពីរធ្វើជាអ្នកនាំផ្លូវ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង យើងអាចថ្លែងតាមទំនុកដំកើងថា “ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត”(ទំនុកដំកើង ១១៩:១០៣)។
–David Roper