កាលនៅពីក្មេង ម្តាយរបស់ខ្ញុំបានក្តិចក្បាលជង្គង់របស់ខ្ញុំ ជាញឹកញាប់ ពេលយើងកំពុងអង្គុយក្នុងព្រះវិហារ ហើយគាត់ខ្សិបដាក់ត្រចៀកខ្ញុំច្បាស់ៗថា “នៅឲ្យស្ងៀម”។ អ្នកប្រហែលជាយល់ថា ស្នាមម្រាមដៃរបស់គាត់បានដឹតជាប់នឹងក្បាលជង្គង់ខ្ញុំហើយ។ ខ្ញុំមានទម្លាប់អាក្រក់មួយ គឺចេះតែរើខ្លួនចុះឡើង នៅទីកន្លែងផ្សេងៗ ដូចជា នៅព្រះវិហារជាដើម គឺមិនខុសពីក្មេងដទៃទៀតឡើយ។ ហេតុនេះហើយបានជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នៅពេលខ្ញុំអានបទគម្ពីរដែលចែងថា “ចូរបង្អង់សិន ឲ្យដឹងថា អញជាព្រះ” (ទំនុកដំកើង ៤៦:១០) ខ្ញុំគិតថា បទគម្ពីរនេះកំពុងប្រាប់ខ្ញុំកុំឲ្យរពិស។
ប៉ុន្តែ ក្នុងព្រះគម្ពីរភាសាហេព្រើរ ពាក្យថា បង្អង់ ឬនៅឲ្យស្ងៀម គឺមានន័យថា “ឈប់ប្រឹងប្រែង”។ ពាក្យនេះមានន័យស្មើនឹងការដាក់ដៃចុះ ហើយអនុញ្ញាតឲ្យព្រះធ្វើអន្តរាគមន៍ នៅក្នុងស្ថានភាពរបស់អ្នក ដោយមិនរំខានទ្រង់ឡើយ។ ន័យធៀបនៃពាក្យនេះ គឺគួរឲ្យចាប់អារម្មណ៍ ព្រោះយើងតែងតែប្រើដៃរបស់យើង ដើម្បីរុញច្រានអ្វីៗ ដែលនៅរាំងមុខយើង ដើម្បីការពារខ្លួន ឬដើម្បីវាយតបទៅវិញ។ ពេលយើងដាក់ដៃចុះ សូមយើងទុកចិត្តថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១) ហើយ “ព្រះយេហូវ៉ានៃពួកពលបរិវា ទ្រង់គង់នៅជាមួយយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ”(ខ.៧) ពុំនោះទេ យើងនឹងមានអារម្មណ៍ថា ខ្លួនយើងខ្សោយ មិនអាចការពារខ្លួនបាន ហើយងាយរងគ្រោះជាមិនខាន។ អាចនិយាយម្យ៉ាងទៀតថា យើងត្រូវឈប់តយុទ្ធ ហើយត្រូវទុកឲ្យព្រះធ្វើការរបស់ទ្រង់!
ទោះជីវិតយើងស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏យើងនៅតែអាចមានសន្តិភាព ក្នុងចិត្ត ដោយសារការជឿជាក់លើព្រះវត្តមាន និងអំណាចរបស់ព្រះ ក្នុងគ្រាមានបញ្ហា នៅពេលដែលយើងរង់ចាំដោយអត់ធ្មត់ និងអធិស្ឋាន សូមសេចក្តីប្រោសលោះមកពីទ្រង់។ ដូច្នេះ ចូរដាក់ដៃចុះ ពីព្រោះព្រះហស្តរបស់ព្រះកំពុងតែរវល់ជួសអ្នកហើយ! –Joe Stowell