
តើព្រះបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ នៅពេលថ្មីៗនេះ?
ដោយRandy Kilgore
October 18, 2014
ខ្ញុំបានជួបបុរសម្នាក់ ដែលបានជឿជាក់ថា ព្រះពិតជាមិនអាចអត់ទោសឲ្យគាត់ ចំពោះអ្វីដែលគាត់បានប្រព្រឹត្តឡើយ។ មានបុរសចំណាស់ម្នាក់បានជួយលើកទឹកចិត្តគាត់ ហើយខ្ញុំមានចិត្តរីករាយ ពេលបានដឹងថា មួយឆ្នាំក្រោយមក គាត់មិនគ្រាន់តែបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានចិត្តស្រេកឃ្លានចំពោះព្រះបន្ទូល ក្នុងបទគម្ពីរថែមទៀតផង។ទោះជាយ៉ាងណាក៏ដោយ បីឆ្នាំក្រោយមក នៅពេលខ្ញុំបានជួបនិយាយជាមួយគាត់ ខ្ញុំបានកត់សំគាល់ឃើញថា ភាពក្លៀវក្លារបស់គាត់ក៏លែងមាន ហើយគាត់ប្រែជារអ៊ូរទាំថា “ខ្ញុំមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជាព្រះអនុញ្ញាត ឲ្យមនុស្សអាក្រក់ចម្រុងចម្រើន ខណៈដែលកូនៗរបស់ទ្រង់ជាច្រើន (រួមទាំងខ្លួនគាត់ផង) កំពុងជួបការខ្វះខាតយ៉ាងត្រដាបត្រដួស”។ ដូចនេះ ការរអ៊ូរទាំបានស៊ីបំផ្លាញអំណរនៃសេចក្តីជំនឿរបស់គាត់ហើយ។ គាត់ភ្លេចហើយថា ខ្លួនត្រូវការព្រះគុណរបស់ព្រះគ្រីស្ទខ្លាំងប៉ុណ្ណា គឺមិនខុសពីគ្រីស្ទបរិស័ទជាច្រើនទៀតឡើយ។ គាត់បានដឹងគុណព្រះ ពេលគាត់ទទួលព្រះអម្ចាស់ជាលើកដំបូង តែការដឹងគុណនោះបានបាត់បង់អស់ហើយ។ ការនេះបានរំឭកយើង អំពីពួកឈ្នួលនៅចំការទំពាំងបាយជូរ ដែលព្រះយេស៊ូវបានមានបន្ទូលក្នុងរឿងប្រៀបប្រដូច(ម៉ាថាយ ២០:១-១៦)។ ពួកឈ្នួលទាំងនោះ បានងាកមកផ្តោតអារម្មណ៍ទៅលើការអ្វីដែលអ្នកដទៃបានទទួល ជាជាងដឹងគុណចៅហ្វាយរបស់ខ្លួន(ខ.១០-១២)។ ព្រះទ្រង់មិនដែលជំពាក់យើង ក្នុងការអ្វីឡើយ តែទ្រង់បានប្រទានសេចក្តីសង្រ្គោះដល់យើង ដោយមិនគិតថ្លៃ ពេលដែលយើងទទួលព្រះគ្រីស្ទ គឺដូចដែលទ្រង់បានសន្យា។ រួចទ្រង់បានបន្ថែមពីលើសេចក្ដីសប្បុរសរបស់ទ្រង់ ដោយចាត់ព្រះវិញ្ញាណរបស់ទ្រង់ ឲ្យមកជួយយើងក្នុងជីវិតនេះ ខណៈដែលយើងកំពុងត្រៀមខ្លួន ទទួលសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ជា មួយទ្រង់។ ពេលយើងជួបការអ្វីដែលហាក់ដូចជាអយុត្តិធម៌ ក្នុងជីវិតនេះ នោះចូរយើងសម្លឹងមើលទៅឯទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ ជាជាងសម្លឹងមើលអ្នកដទៃ។ —Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំតាមអំពើចិត្តទេឬអី?—ម៉ាថាយ ២០:១៥