
អ្វីដែលត្រូវលាក់
ដោយDavid C. McCasland
October 31, 2014
បើសិនជាអ្នកចង់លាក់របស់អ្វីមួយ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែលជាអាចជួយអ្នកបាន។ ជាច្រើនឆ្នាំកន្លងទៅ មានក្រុមហ៊ុនទូរស័ព្ទចល័តមួយ ចង់ដំឡើងអង់តែនមួយ នៅក្នុងដីរបស់គាត់ ហើយចង់សង់អង់តែននោះ ឲ្យមានរូបរាងដូចដើមស្រល់ ដើម្បីបន្លំភ្នែកមនុស្សទូទៅ។ តែលោកម៉ៃមានដំណោះស្រាយល្អជាងនោះ គឺគាត់បានសង់ជង្រក់ក្លែងក្លាយមួយ ដោយប្រើបន្ទះប្លាស្ទិកម្យ៉ាង ដែលអនុញ្ញាតឲ្យរលកធាតុអាកាសវិទ្យុឆ្លងកាត់បាន។ គាត់ក៏បានប្រើទ្រឹស្តីនេះ ដើម្បីបង្កើតក្រុមហ៊ុនមួយ ដែលសាងសង់សំណង់ ដែលអាចលាក់អង់តែនដើម្បីឲ្យមានសោភ័ណភាពល្អ និងមានសុវត្ថិភាព។ លោកម៉ៃជឿជាក់ថា អ្នកជិតខាងរបស់គាត់ជាច្រើន នៅតែមិនដឹងថា មានអ្វីនៅខាងក្នុងជង្រុករបស់គាត់ទេ(នោះបើយោងតាម ការសែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។ យើងភាគច្រើន ព្យាយាមលាក់របស់អ្វីមួយ ឲ្យផុតពីភ្នែកគេឯង។ វាអាចជារបស់ដែលមិនបង្កគ្រោះថ្នាក់ ដូចជាសម្ភារៈរាយប៉ាយ ក្នុងបន្ទប់ដាក់ឥវ៉ាន់ ឬអាចមានជាតិពុល ដូចជាកំហុសឆ្គងខាងសីលធម៌ ឬខាងវិញ្ញាណ ដែលយើងចង់លាក់ពីអ្នកដទៃ ពីខ្លួនឯង ហើយថែមទាំងចង់លាក់ពីព្រះនេត្រព្រះផង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ៣២ ស្តេចដាវីឌបានរៀបរាប់អំពីភាពឥតប្រយោជន៍ នៃការព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន(ខ.៣-៤) ហើយបានពិពណ៌នាអំពីភាពធូរស្បើយ ដែលកើតមាន ពេលទ្រង់បើកចំហចិត្តដល់ព្រះអម្ចាស់ គឺដូចដែលទ្រង់មានបន្ទូលថា “ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់ ឥតលាក់ការទុចរិតរបស់ទូលបង្គំទុកឡើយ។ ទូលបង្គំបាននិយាយថា ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំ ដល់ព្រះយេហូវ៉ា ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ”(ខ.៥)។ ការលន់តួអំពើបាបរបស់យើងដល់ព្រះ ហើយបោះបង់ចោលអំពើរំលងទាំងនោះ នឹងនាំឲ្យព្រលឹងវិញ្ញាណរបស់យើងស្គាល់សេរីភាព និងដឹងជាក់ថា យើងមិនចាំបាច់លាក់បាំងអ្វីទៀត ឡើយ។ —David McCasland
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំបាននិយាយថា “ទូលបង្គំនឹងលន់តួអស់ទាំងការរំលងរបស់ទូលបង្គំដល់ព្រះយេហូវ៉ា” ឯទ្រង់ក៏បានអត់ទោសចំពោះអំពើបាបនៃទូលបង្គំទៅ។—ទំនុកដំកើង ៣២:៥