ស្រ្តីម៉េមាយ នៅសម័យសញ្ញាចាស់ ច្រើនតែរស់នៅក្នុងភាពក្រីក្រ។ ជាក់ស្តែង នាងរស់ និងនាងណាអូមី ដែលជាម្តាយក្មេករបស់នាង បានធ្លាក់ចូលក្នុងស្ថានភាពបែបនេះឯង បន្ទាប់ពីពួកគេសុទ្ធតែត្រូវប្តីស្លាប់ចោលដូចគ្នា។ ប៉ុន្តែ ព្រះទ្រង់មានផែនការជួយលើកស្ទួយពួកគេឡើង ហើយទន្ទឹមនឹងនោះ ទ្រង់បានធ្វើឲ្យនាងរស់ក្លាយជាផ្នែកមួយដ៏សំខាន់ នៃផែនការដែលធំជាងនេះទៅទៀត។
លោកបូអាស ជាម្ចាស់ដីដ៏មានស្តុកស្តម្ភ ដែលបានដឹងអំពីស្ថានភាពរបស់នាងរស់ ហើយក៏ចាប់អារម្មណ៍ទៅលើនាង(នាងរស់ ២:៥-១២) តែគាត់មានការភ្ញាក់ផ្អើល ពេលដែលគាត់ភ្ញាក់ប្រែខ្លួនមក នៅពេលកណ្តាលអាធ្រាត ក៏ឃើញនាងដេកនៅចុងជើងរបស់គាត់(៣:៨)។ នាងបានសូមឲ្យគាត់ “បណ្តោយឲ្យផួយដណ្តប់” មកលើនាង ដើម្បីបញ្ជាក់ថា គាត់ស្ម័គ្រចិត្តធ្វើជា “អ្នកលោះ”នាង ក្នុងនាមជាញាតិសាច់ជិត(ខ.៩)។ ត្រង់ចំណុចនេះ នាងមិនគ្រាន់តែសុំការការពារពីគាត់ប៉ុណ្ណោះទេ តែថែមទាំងបានសុំឲ្យគាត់យកនាងជាភរិយាផងដែរ។ គាត់ក៏បានយល់ព្រមរៀបការជាមួយនាង(ខ.១១-១៣ ៤:១៣)។
រឿងនេះប្រហែលជារឿងប្រលោមលោក ដែលមិនសូវរ៉ូមែនទិកសម្រាប់អ្នកទេ។ ប៉ុន្តែ ការដែលនាងរស់បានសម្រេចចិត្ត ធ្វើតាមការណែនាំរបស់នាងណាអូមី(៣:៣-៦) បាននាំឲ្យមានព្រឹត្តិការណ៍សំខាន់ៗកើតឡើងបន្តគ្នាពីមួយទៅមួយ ធ្វើឲ្យនាងក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងផែនការប្រោសលោះរបស់ព្រះ។ បន្ទាប់ពីនាងរស់បានរៀបការជាមួយលោកបូអាស ពួកគេក៏បង្កើតបានកូនប្រុសម្នាក់(ឈ្មោះ អូបេត) ដែលក្រោយមក ក៏បានក្លាយជាជីតារបស់ស្តេចដាវីឌ(៤:១៧)។ ជាច្រើនជំនាន់ក្រោយមក លោកយ៉ូសែបក៏បានចាប់កំណើតក្នុងខ្សែលោហិតនេះ ហើយក្លាយទៅជា “ឪពុកស្របច្បាប់” នៃបុត្ររបស់នាងម៉ារា(ម៉ាថាយ ១:១៦-១៧ លូកា ២:៤-៥) ដែលជាព្រះសង្គ្រោះរបស់យើង ដែលមានព្រះនាមថា យេស៊ូវ។
នាងរស់បានទុកចិត្តព្រះ ហើយបានធ្វើតាមការណែនាំរបស់ណាអូមី ទោះបីជានាងមិនបានដឹងច្បាស់ អំពីលទ្ធផលក៏ដោយ។ យើងក៏អាចទុកចិត្តព្រះផងដែរថា ទ្រង់នឹងផ្គត់ផ្គង់យើងពេលដែលយើងមិនដឹងច្បាស់ថា ជីវិតយើងនៅទៅជាយ៉ាងណា។—Cinady Hess Kasper