លោកដេសមិន ដូស(Desmon Dos) ជាពលទាហានដែលបានធ្វើឲ្យគ្រូបង្វឹក និងពួកទាហានរួមជំនាន់របស់គាត់ មានអារម្មណ៍រំខានជាខ្លាំង។ ដោយសារគាត់ជាអ្នកសន្តិភាពនិយម គាត់បានបដិសេធមិនព្រមកាន់កាំភ្លើងចូលក្នុងសមរភូមិឡើយ ហើយការនេះក៏បានធ្វើឲ្យដៃគូរបស់គាត់ មានការសង្ស័យអំពីភាពក្លាហានរបស់គាត់។ ក្នុងនាមជាពេទ្យទាហាន ដែលបានទទួលការហ្វឹកហាត់ គ្រីស្ទបរិស័ទដ៏ក្មេងវ័យម្នាក់នេះ មិនខ្លាចការប្រឈមមុខនឹងសង្រ្គាមឡើយ។ ប៉ុន្តែ គាត់មានគោលដៅសង្រ្គោះជីវិតមនុស្ស ដែលរងរបួសក្នុងចម្បំាងនោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមក គេក៏លែងមានការសង្ស័យចំពោះភាពក្លាហានរបស់លោកដូសទៀត ពេលដែលកងពលរបស់គាត់ចូលប្រយុទ្ធក្នុងសង្រ្គាម។ នៅក្នុងសង្រ្គាមលោកលើកទី២ នៅកោះអូគីណាវ៉ា(Okinawa) គាត់បានរត់ឱនក្បាល កាត់កន្លែងដែលគ្រាប់កាំភ្លើងយន្តដែលកំពុងបាញ់រះ ដើម្បីអូសអ្នករបួស ចេញមករកកន្លែងមានសុវត្តិភាព។ គាត់បានអធិស្នានថា “ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានកម្លាំង ចូលទៅជួយទាហានឲ្យបានម្នាក់ទៀត”។ ទីបំផុត គាត់បានជួយអ្នករបួសបានរហូតដល់៧០នាក់ ដោយសែងពួកគេចុះពីលើភ្នំយឺតៗ មកទទួលព្យាបាលជាបន្ថែមទៀត។ ដោយសារការប្រឹងប្រែងនេះ លោកដេសម៉ុន ដូសក៏បានទទូលរង្វាន់មេដាយកិត្តិយស ដែលជាកិត្តិយសដ៏ខ្ពស់បំផុត ដែលប្រទេសរបស់គាត់អាចផ្តល់ឲ្យបាន។
ព្រះគម្ពីរក៏បានចែងផងដែរ អំពីគ្រីស្ទបរិស័ទ្ធម្នាក់ទៀត ដែលបានធ្វើការប្រថុយជីវិត ដើម្បីជួយអ្នកដទៃ។ លោកប៉ុលបានរៀបរាប់អំពីលោកអេបាប្រូឌីត នៅក្នុងសំបុត្ររបស់គាត់ថា “ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត”(ភីលីព ២:២៩-៣០) ។
នៅទូទាំងពិភពលោក សព្វថ្ងៃនេះ មានអ្នកជឿព្រះជាច្រើនហ៊ានប្រថុយជីវិត ដើម្បីធ្វើការថ្វាយព្រះគ្រីស្ទ។ សូមយើងអធិស្នាន សូមឲ្យព្រះនៃយើង ការពារពួកគេ ខណៈពេលដែលពួកគេកំពុងបម្រើទ្រង់ ក្នុងស្ថានភាព ដែលមានការគំរាមកំហែងនោះ។ – Dennis Fisher