ពេលខ្ញុំអានសេចក្តីអធិស្ឋានរបស់ក្មេងៗ ខ្ញុំអាចដឹងថា ពួកគេគិតអ្វីខ្លះអំពីព្រះ។ កាលពីពេលថ្មីៗនេះ ខ្ញុំបានអានសេចក្តីអធិស្ឋានពីរ ដែលមានដូចតទៅ:
“ឱព្រះអង្គអើយ តើការដែលទ្រង់ជាព្រះដែល “ច្រ ណែន” មានន័យយ៉ាងដូចម្តេច? ទូលបង្គំគិតថាទ្រង់មានអ្វីៗទាំងអស់ហើយ ហេតុអ្វីបានជាទ្រង់ច្រណែន?
“ទូលបង្គំមិនដែលគិតថា ពណ៌លឿងគូនឹងពណ៌ស្វាយឡើយ តែពេលទូលបង្គំឃើញថ្ងៃលិច ដែលទ្រង់បានបង្កើត កាលពីថ្ងៃអង្គារ ទើបទូលបង្គំដឹងថា ពេលពណ៌ទាំងពីរនៅទន្ទឹមគ្នា ពិតជាបង្កើតឲ្យមានទេសភាពស្អាតណាស់។ វាជាការត្រឹមត្រូវណាស់ ដែលក្មេងៗទាំងនេះបានគិតថា ព្រះទ្រង់ជាម្ចាស់ និងជាអ្នកបង្កើតរបស់សព្វសារពើរ ជាអ្នកដែលអាចគូររូបថ្ងៃលិចយ៉ាងស្រស់ស្អាត។ ប៉ុន្តែ តើព្រះទ្រង់បានពិពណ៌នាយ៉ាងដូចម្តេចខ្លះ អំពីអង្គទ្រង់?
នេះក៏ជាសំណួរដែលលោកម៉ូសេមានផងដែរ ខណៈពេលដែលគាត់រៀបនឹងចាប់ផ្តើមដឹកនាំរាស្រ្តអ៊ីស្រាអែល ចូលទៅក្នុងវាលរហោស្ថាន។ គាត់ចង់ដឹងច្បាស់ អំពីព្រះវត្តមាន និងការដឹកនាំរបស់ទ្រង់ បានជាគាត់សូមឲ្យទ្រង់បើកសម្តែងអង្គទ្រង់(និក្ខមនំ ៣៣:១៣,១៨)។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយយាងចុះមកក្នុងពពក ហើយមានបន្ទូលថា “យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ … ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត”(៣៤:៥-៧)។ ដូចនេះ ព្រះទ្រង់ល្អ ហើយយុត្តិធម៌។
យើងក៏អាចស្គាល់ទ្រង់ផងដែរ ហើយអាចដឹងច្បាស់ពីវត្តមានរបស់ទ្រង់។ ទ្រង់បានបើកសម្តែងអង្គទ្រង់ នៅក្នុងការបង្កើតរបស់សព្វសារពើ និងក្នុងព្រះបន្ទូលទ្រង់។ ពេលដែលយើងសូមឲ្យទ្រង់បើកសម្តែងអង្គទ្រង់ឲ្យយើងបានស្គាល់ នោះយើងនឹងបានដឹងថា ទ្រង់មិនគ្រាន់តែជាម្ចាស់ និងជាអ្នកបង្កើតរបស់សព្វសារពើប៉ុណ្ណោះឡើយ។– Anne Cetas