សព្វថ្ងៃនេះ គេឃើញមានស្លាកសញ្ញាដាស់តឿន នៅគ្រប់កន្លែង គឺរាប់ចាប់ពីស្លាកសញ្ញាដាស់តឿននៅលើឧបករណ៍ប្រើប្រាស់ រហូតដល់គ្រឿងលេងរបស់ក្មេងៗ។ សូម្បីតែនៅក្នុងប្រអប់ថ្នាំពេទ្យ ក៏មានក្រដាស់តូចៗមួយសន្លឹក សម្រាប់ដាស់តឿនអំពីគ្រោះថ្នាក់ ដែលអាចកើតមានចំពោះសុខភាពរបស់យើងផងដែរ។
យ៉ាងណាមិញ ព្រះបន្ទូលព្រះមានពេញទៅដោយការដាស់តឿនជាច្រើន សម្រាប់ដាស់តឿនយើង អំពីគ្រោះថ្នាក់ ដែលនឹងកើតមានចំពោះសុខភាពខាងព្រលឹងវិញ្ញាណរបស់យើង។ មានបទគម្ពីរមួយចែងថា “មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម”(សុភាសិត ៦:១៦)។ បទគម្ពីរនេះបានទាញចំណាប់អារម្មណ៍របស់យើង ដូចជាភ្លើងសញ្ញាដាស់តឿន។ បទគម្ពីរបន្ទាប់(ខ.១៧-១៩) បានដាស់តឿន អំពីការដែលអាចនាំមកនូវសេចក្តីហិនវិនាស ដែលមានដូចជា អំណួត និងភាពមិនស្មោះត្រង់ ដែលជាបាប ដែលបំផ្លាញទំនាក់ទំនង នៅលើផែនដី ហើយធ្វើឲ្យព្រះវបិតាដែលគង់នៅស្ថានសួគ៌ មានព្រះទ័យព្រួយ។ បទគម្ពីរបន្ទាប់ទៀត បានចែងថា “សេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ”(ខ.២៣)។ គឺអាចនិយាយបានម្យ៉ាងទៀតថា ការដាស់តឿនរបស់ព្រះមិនមែន ដើម្បីដកការសប្បាយចេញពីជីវិតយើងនោះទេ ប៉ុន្តែ គឺដើម្បីជួយការពារ និងរក្សាជីវិតរបស់យើង។
ត្រង់ចំណុចនេះ ខ្ញុំនឹកចាំអំពីក្មេងម្នាក់ ដែលឈរនៅជិតមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះបប់ប៊ី(Bobby) នៅខាងក្រៅព្រះវិហារ បន្ទាប់ពីកម្មវិធីថ្វាយបង្គំចប់ ហើយខ្ញុំក៏ឃើញវារត់ ទៅចូលផ្លូវថ្នល់ដែលកំពុងមានឡានបើកទៅមកយ៉ាងមមាញឹក។ ខ្ញុំក៏បានឮម្តាយរបស់វាស្រែកថា “ឈប់!” ពាក្យនេះជាការដាស់តឿន ដើម្បីការពារវា គឺមិនមែនបំបិទសេរីភាពរបស់វានោះទេ។
មានពេលជាញឹកញាប់ពេកហើយ ដែលយើងមិនអើរពើ ចំពោះការដាស់តឿនរបស់ព្រះ ដែលប្រាប់យើងឲ្យឈប់រត់តាមផ្លូវខុស ហើយយើងក៏ទទួលរងលទ្ធផលអាក្រក់ ដោយសារការមិនស្តាប់បង្គាប់នោះ។ សូមយើងចាំថា យើងមានសេរីភាពនៅក្នុងការស្តាប់តាមការដាស់តឿនរបស់ព្រះ។ ការដាស់តឿនរបស់ទ្រង់ គឺដើម្បីប្រយោជន៍យើងរាល់គ្នាទេ។–Joe Stowell