ថ្មីៗនេះ ខ្ញុំបានដើរចូលកន្លែងទទូលភ្ញៀវរបស់សណ្ឋាគារមួយ ដែលមានការតម្រៀបផ្កាស្រស់ សម្រាប់ធ្វើការតាំងលម្អរដ៏ធំបំផុត ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ការតាំងលម្អរនេះរំលេចទៅដោយពណ៌ចម្រុះ ដែលមានការរៀបចំយ៉ាងល្អឥតខ្ចោះ ហើយក៏បង្ហើរក្លិនដ៏ក្រអូបអស្ចារ្យផង។ សម្រស់របស់វាបានធ្វើឲ្យខ្ញុំមិនអាចឈានជើងដើរទៅមុខទៀត ហើយខ្ញុំក៏បន្តគយគន់ទាំងស្ងើចវា អស់មួយរយៈពេល។ ការនេះបានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំកំពុងតែជាប់ចិត្តនឹងរបស់អ្វីដែលមានភាពពេញបរិបូរ។ សូមយើងគិតអំពីសម្រស់ដ៏ទាក់ទាញនៃចានដ៏ធំមួយ ដែលមានពេញដោយផ្លែឈើចម្រុះពណ៌ ឬគិតអំពីតុបាយ ដែលមានដាក់នុំបួនប្រាំដុំ សម្រាប់ញាំលាងមាត់យ៉ាងសប្បាយរីករាយ បន្ទាប់ពីបានញាំអាហារដ៏បរិបូណ៍ នៅថ្ងៃបុណ្យអរព្រះគុណ។
ពេលដែលខ្ញុំគិតអំពីអំណរដែលកើតចេញពីភាពពេញបរិបូរ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីសប្បុរសរបស់ព្រះ។ ទ្រង់បានធ្វើឲ្យពែងរបស់យើងហូរហៀរ(ទំនុកដំកើង ២៣:៥)។ ទ្រង់“អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ៣:២០)។ ព្រះគុណរបស់ទ្រង់មានភាពគ្រប់គ្រាន់ជានិច្ច សម្រាប់ការលំបាកគ្រប់យ៉ាង ដែលមានក្នុងជីវិត(២កូរិនថូស ១២:៩) ហើយទ្រង់ជាឪពុកដែលឲ្យពួកបាវសម្លាប់កូនចៀមធាត់ល្អ ហើយយកអាវដែលល្អបំផុតចេញមក ដើម្បីជប់លៀងឲ្យកូនពៅវង្វេង ដែលបានត្រលប់មកផ្ទះវិញ(មើលលូកា ១៥:២០-២៤ )។
ហេតុនេះហើយបានជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានថ្លែងដោយអំណរថា “ឱព្រះអង្គអើយ សេចក្តីសប្បុរសនៃទ្រង់ថ្លៃវិសេស យ៉ាងណាហ្ន៎ ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់ គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់ ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្តីអំណររបស់ទ្រង់”(ទំនុកដំកើង ៣៦:៧-៨)។ ព្រះនៃយើងមានសេចក្តីសប្បុរសជាបរិបូរ។ សូមឲ្យយើងពោលសរសើរទ្រង់ សម្រាប់សេចក្តីមេត្តាដ៏លើសលប់របស់ទ្រង់។–Joe Stowell