មានពេលមួយ ខ្ញុំបានអានសំណូមពរអធិស្ថាន ដ៏គូរឲ្យសង្វែកចិត្តរបស់ស្រ្តីម្នាក់ ដែលកំពុងមានសភាពដ៏ធ្ងន់ធ្ងរ។ គាត់បានសរសេរថា “សូមជួយអធិស្នានឲ្យខ្ញុំ ខ្ញុំមានរោគរឹងសារពាង្គកាយជាច្រើនកន្លែង សាច់ដុំរបស់ខ្ញុំខ្សោយ ខ្ញុំពិបាកលេបអាហារ ការឈឺចាប់កាន់តែខ្លាំងឡើង ភ្នែកក៏កាន់តែស្រវាំងទៀត”។ ដូចនេះ រាងកាយរបស់គាត់ កំពុងតែទ្រុឌទ្រោម ហើយពាក្យពេចន៍ទាំងនេះ បានធ្វើឲ្យខ្ញុំយល់ថា គាត់កំពុងតែអស់សង្ឃឹមហើយ។
ប៉ុន្តែ នៅក្នុងឃ្លាបន្ទាប់ គាត់បានបង្ហាញពីសេចក្តីសង្ឃឹម ដែលជាកម្លាំងជម្នះការខូចខាត និងភាពទ្រុឌទ្រោមនៃរូបកាយ ដោយពាក្យដូចនេះថា “ខ្ញុំដឹងថា ព្រះអង្គសង្រ្គោះដែលប្រកបដោយព្រះពរ ទ្រង់គ្រប់គ្រងលើស្ថានការណ៍នេះទាំងស្រុង។ បំណងព្រះហឫទ័យរបស់ទ្រង់ គឺសំខាន់បំផុតសម្រាប់ខ្ញុំ”។
ស្រ្តីម្នាក់នេះត្រូវការសេចក្តីអធិស្ថានរបស់ខ្ញុំ ប៉ុន្តែ គាត់ក៏មានអ្វីម្យ៉ាង ដែលខ្ញុំចាំបាច់ត្រូវមានផងដែរ គឺការទុកចិត្តព្រះ ដោយគ្មានរារេ។ សំណូមពរអធិស្ឋានរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំអំពីសេចក្តីបង្រៀនដែលព្រះមាន ចំពោះសាវ័កប៉ុល ពេលដែលគាត់ទូលសូមឲ្យទ្រង់ជួយ ឲ្យគាត់ធូរស្បើយពីការលំបាក ដែលគាត់បានប្រដូចទៅនឹង “បន្លានៅក្នុងសាច់”(២កូរិនថូស ១២:៧)។ ព្រះទ្រង់មិនបានឆ្លើយតប តាមពាក្យទូលអង្វររបស់គាត់ទេ ព្រោះទ្រង់សព្វព្រះទ័យឲ្យគាត់ដឹងថា គុណរបស់ទ្រង់បានល្មមដល់គាត់ ហើយគេនឹងបានឃើញកំឡាំងទ្រង់បានពេញខ្នាត តាមរយៈសេចក្តីកម្សោយរបស់គាត់ ដូច្នេះ គាត់ស៊ូអួតពីសេចក្តីកំសោយរបស់គាត់ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងគាត់(ខ.៩)។ នេះជាមេរៀនដ៏មានតម្លៃសម្រាប់យើងរាល់គ្នា។
ក្នុងខណៈពេលដែលយើងបើកចំហរចិត្ត ទៅចំពោះព្រះ សូមឲ្យយើងយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំង ចំពោះការស្វែងរកបំណងព្រះទ័យទ្រង់ ជាជាងផ្តោតទៅលើការបំពេញបំណងចិត្តខ្លួនឯង។ នេះហើយជាប្រភពនៃព្រះគុណ និងកម្លាំងដែលយើងត្រូវការនោះ។ –Dave Branon