មានបុរសម្នាក់បានគេចផុតពីសេចក្តីស្លាប់ នៅក្នុងការជាប់ឃុំឃាំង ក្នុងពន្ធធនាគារអស់រយៈពេល១៤ឆ្នាំ នៅប្រទេសគុយបា។ គាត់បានរបៀបរាប់ ពីវិធីសាស្រ្តលើកទឹកចិត្តខ្លួនឯង និងធ្វើឲ្យក្តីសង្ឃឹមនៅតែមានជានិច្ច ក្នុងជីវិតគាត់ ក្នុងអំឡុងពេលនោះ យ៉ាងដូចនេះថា “គេបានឃុំខ្លួនខ្ញុំ ក្នុងបន្ទប់ដែលគ្មានបង្អូច ដូចនេះ ខ្ញុំក៏បានស្រមៃថា មានបង្អួចមួយ នៅលើទ្វារបន្ទប់នោះ។ នៅក្នុងគំនិតខ្ញុំ ខ្ញុំស្រម៉ៃឃើញទេសភាពជួរភ្នំដ៏ស្រស់ស្អាត មានទឹកធ្លាក់មកលើថ្មរ ហើយហូរចុះមកគ្រឿនៗ។ យូរៗទៅ ខ្ញុំក៏មានអារម្មណ៍ថា រូបភាពនោះហាក់ដូចជាមានពិតមែន បានជាពេលដែលខ្ញុំសម្លឹងមើលទៅទ្វារបន្ទប់នោះម្តងៗ ខ្ញុំអាចមើលឃើញទេសភាពមាត់បង្អូចនោះ ដោយមិនបាច់ខំស្រមៃ ដូចកាលពីដំបូងទៀតឡើយ”។
យ៉ាងណាមិញ មានបទគម្ពីរសំបុត្រជាច្រើន ដែលលោកប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅតាមទីកន្លែងផ្សេងៗ ពេលគាត់កំពុងស្ថិតនៅក្នុងការឃុំខ្លួន។ កណ្ឌគម្ពីរទាំងនោះមានដូចជា ភីលីព កូល៉ុស និងអេភេសូរ។ ពេលយើងអានសំបុត្រដែលសាវ័កប៉ុលផ្ញើទៅពួកជំនុំ នៅក្រុងអេភេសូរ យើងអាចដឹងថា សាវ័កប៉ុលកំពុងមើលឃើញរូបភាពអ្វីខ្លះ ពេលដែលគាត់គិតអំពីជីវិត របស់អ្នកដែលនៅក្រៅមន្ទីឃុំឃាំង។
ទីមួយ គាត់បានមើលឃើញការលូតលាស់ខាងវិញ្ញាណ ក្នុងពួកជំនុំដែលគាត់បានបង្កើត។ កណ្ឌមួយនេះ មានពេញទៅដោយការអរព្រះគុណព្រះ សម្រាប់ស្ថេរភាពនៃពួកជំនុំ នៅក្រុងអេភេសូរ(អេភេសូរ ១:១៥-១៦)។ បន្ទាប់មក គាត់បានព្យាយាមជួយឲ្យពួកគេបើកចំហរចិត្ត មើលឃើញរូបភាពដែលកាន់តែអស្ចារ្យថែមទៀត “គឺឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់”(២:៧)។ ពេលដែលសាវ័កប៉ុលនិយាយបញ្ជាក់ឲ្យកាន់តែច្បាស់ អំពីផែនការនៃសេចក្តីស្រឡាញ់របស់ព្រះ គាត់មិនបាននិយាយត្អូញត្អែរពីទុក្ខលំបាកសូម្បីតែបន្តិច។
បើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ឬឆ្ងល់ ថាតើគ្រីស្ទបរិស័ទសមនឹងមានជីវិតបែបនេះឬយ៉ាងណា សូមមើលព្រះគម្ពីរអេភេសូរចុះ នោះអ្នកនឹងបានទទួលការកម្សាន្តចិត្ត។ កណ្ឌគម្ពីរមួយនេះ បានបកស្រាយអំពីព្រះគុណដ៏ធ្ងន់លើលលប់ ដែលព្រះគ្រីស្ទមានសម្រាប់មនុស្សគ្រប់គ្នា។–Philip Yancey