ពេលដែលទូរទស្សន៍ថ្ងៃនៃការរុករកឃើញ (Day of Discovery) ធ្វើការសម្ភាសប្រជាជន អំពីជីវប្រវត្តិរបស់បុគ្គលល្បីៗ យើងមានចិត្តសប្បាយរីករាយ នៅក្នុងការសម្ភាសពួកគេ អំពីដំណើរជីវិតរបស់អ្នកទាំងនោះ។ អស់ជាច្រើនឆ្នាំកន្លងមក យើងបានសម្ភាសបុរសម្នាក់ ដែលធ្លាប់ស្នាក់នៅ ក្នុងបន្ទប់ជាមួយលោក អេរីក លីដែល(Eric Liddell) នៅក្នុងមន្ទីឃុំឃាំងអ្នកទោសនយោបាយ ក្នុងប្រទេសចិន ហើយយើងបានសម្ភាសស្រ្តីម្នាក់ ដែលធ្លាប់រស់នៅ ក្នុងផ្ទះរបស់លោកស៊ី អេស លូវីស(C.S. Lewis) កាលនាងជាក្មេងជំទង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ រួចយើងក៏បានសម្ភាសបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត ឲ្យបណ្ឌិត ចច វ៉ាស៊ីនតោន ខាវើរ(Dr. George Washington Carver) នៅក្នុងការធ្វើដំណើរ ទៅធ្វើជាវាទគ្មិន នៅទូទាំងបណ្តារដ្ឋ ក្នុងភូមិភាគខាងត្បូង នៃសហរដ្ឋអាមេរិក។ ពួកគេបាននិយាយបើកចំហរ ដោយមិនលាក់លៀម អំពីបុគ្គលពិសេសៗទាំងនោះ ដែលពួកគេបានស្គាល់។
សាវ័កយ៉ូហានបានសរសេរសំបុត្រមួយច្បាប់ ពេលគាត់កំពុងមានវ័យចាស់ ដែលនៅក្នុងឃ្លាដំបូងនៃសំបុត្រនេះ គាត់បានបញ្ជាក់ថា គាត់ជាស្មរបន្ទាល់ និងជាអ្នកដែលបានដើរតាមទ្រង់យ៉ាងជិតដិត គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ”(១យ៉ូហាន ១:២)។ គោលដៅនៃការសរសេរសំបុត្រនេះ គឺដើម្បី “ឲ្យអ្នករាល់គ្នាមានសេចក្តីប្រកបនឹងយើងខ្ញុំដែរ រីឯសេចក្តីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនិងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់(ខ.៣) និងដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នា បានពោរពេញឡើង”(ខ.៤)។
ពួកសាវ័កបានឃើញ និងបានដើរតាមព្រះយេស៊ូវ ហើយបានកត់ទុកអំពីដំណើរជីវិត និងសេចក្តីបង្រៀនរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ដែលនាំឲ្យយើងបានទទួលជឿទ្រង់។ ទោះបីជាយើងមិនដែលបានឃើញទ្រង់ផ្ទាល់ ដូចពួកគេក៏ដោយ ក៏យើងនៅតែអាចជឿលើទ្រង់បាន។–David McCasland