ពេលដែលគ្រូពេទ្យបានពិនិត្យរកឃើញថា បងស្រីរបស់ខ្ញុំមានជម្ងឺមហារីក ខ្ញុំក៏បានប្រាប់មិត្តភ័ក្រខ្ញុំ ឲ្យអធិស្ឋានឲ្យគាត់។ ពេលដែលគាត់ចូលបន្ទប់វះកាត់ យើងបានអធិស្ឋានសូមឲ្យគ្រូពេទ្យវះកាត់ មានលទ្ធភាពសម្អាតដុំមហារីកនោះ ចេញពីខ្លួនគាត់ ដើម្បីកុំឲ្យគាត់ត្រូវឆ្លងកាត់ការចាក់ថ្នាំគីមី ឬបាញ់កាំរស្មីឡើយ។ ហើយព្រះក៏បានឆ្លើយតបតាមសេចក្តីអធិស្ឋានរបស់យើង! ពេលដែលខ្ញុំផ្សព្វផ្សាយដំណឹងនេះទៅ មានមិត្តភ័ក្ររបស់ខ្ញុំម្នាក់បានមានប្រសាសន៍ថា “ខ្ញុំមានការសប្បាយចិត្តណាស់ ដែលការអធិស្ឋានរបស់យើងមានអំណាចប្រោសឲ្យជា”។ ខ្ញុំក៏បានឆ្លើយតបថា “ខ្ញុំសូមព្រះគុណព្រះ ដែលបានឆ្លើយតប តាមការអធិស្ឋានរបស់យើង លើកនេះ”។
សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “សេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់”(យ៉ាកុប ៥:១៦)។ ត្រង់ចំណុចនេះ តើការដែលសាវ័កយ៉ាកុបប្រើពាក្យ “អស់ពីចិត្ត” និង “មនុស្សសុចរិត” មានន័យថា កាលណាយើងអធិស្ឋានកាន់តែខ្លាំង ឬកាលណាមានមនុស្សកាន់តែច្រើនជួយអធិស្ឋានឲ្យយើង នោះយើងនឹងកាន់តែងាយទទួលការឆ្លើយតបពីព្រះឬ? ព្រះបានឆ្លើយតបចំពោះខ្ញុំ ដោយចម្លើយថា “ទេ” និង “រង់ចាំ” ជាច្រើនដងមកហើយ បានជាខ្ញុំចង់សួរដូចនេះ។
ការអធិស្ឋានមានអំណាចណាស់ តែមានចំណុចដែលយើងត្រូវយល់។ យើងបានទទួលការបង្រៀន ឲ្យមានជំនឿ ឲ្យទូលសូមឲ្យអស់ពីចិត្ត និងដោយចិត្តក្លាហាន ឲ្យអត់ធ្មត់ ឲ្យចុះចូលនឹងបំណងព្រះទ័យទ្រង់។ ប៉ុន្តែ ព្រះបានឆ្លើយតបការអធិស្ឋាន តាមប្រាជ្ញារបស់ទ្រង់ ហើយការឆ្លើយតបរបស់ទ្រង់ គឺតែងតែល្អជានិច្ច។ ខ្ញុំគ្រាន់តែចង់អរព្រះគុណព្រះ ដែលសព្វព្រះទ័យនឹងស្តាប់ឮពាក្យយើងអធិស្ឋានចេញពីចិត្ត ហើយទោះបីជាទ្រង់ឆ្លើយតប យ៉ាងដូចម្តេចក៏ដោយ ក៏ទ្រង់នៅតែល្អជានិច្ច។
ខ្ញុំចូលចិត្តប្រសាសន៍របស់លោក អូលេ ហាលីសប៊ី(Ole Hallesby) ដែលបានថា “ការអធិស្ឋាន និងការដែលមិនអាចជួយខ្លួនឯងបាន គឺមិនអាចញែកចេញពីគ្នាបានឡើយ។ មានតែអ្នកដែលត្រូវការជំនួយទេ ដែលពិតជាអាចអធិស្ឋាន … អ្នកអធិស្ឋានបានល្អបំផុត នៅពេលដែលអ្នកមិនអាចជួយខ្លួនឯងបាន”។ ជាការប្រសើរណាស់ ដែលយើងចេះទទួលស្គាល់ថា យើងគ្មានសមត្ថភាពជួយខ្លួនឯងបាន។–Anne Cetas