
បញ្ហា
ដោយCindy Hesskasper
January 17, 2015
មានពេលមួយ ខ្ញុំមានចិត្តត្រេកអរណាស់ ពេលដែលថ្ងៃចុងក្រោយ នៃឆ្នាំចាស់ជិតកន្លងផុតទៅ។ ឆ្នាំចាស់មានពេញទៅដោយ ទុក្ខព្រួយ ជម្ងឺ និងទុក្ខសោក។ ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍ខែមករា ដែលនឹងនាំភាពរីករាយសាទរ មកជាមួយផង! ប៉ុន្តែ ឆ្នាំថ្មីចូលមកដល់ ខ្ញុំក៏បានទទួលដំណឹងអាក្រក់មួយ ហើយមួយទៀត ជាបន្តបន្ទាប់។ មិត្តភ័ក្ររបស់ខ្ញុំខ្លះបានបាត់បង់ឪពុកម្តាយ។ អ៊ំប្រុសរបស់ខ្ញុំបានគេងស្លាប់ នៅក្នុងដំណេក។ មិត្តភ័ក្ររបស់ខ្ញុំមួយចំនួនបានទទួលដំណឹងថា ខ្លួនមានជម្ងឺមហារីក។ បងប្រុសរបស់មិត្តរួមការងាររបស់ខ្ញុំ និងកូនប្រុសរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានស្លាប់យ៉ាងអាណោចអាធម។ ឆ្នាំថ្មីហាក់ដូចជានាំមកនូវដំណឹងក្រៀមក្រំជាច្រើនលើសលប់ គឺខុសពីការរំពឹងទុករបស់ខ្ញុំទៅវិញ។ យ៉ាងណាមិញ បទគម្ពីរ យ៉ូហាន ១៦:៣៣ បានប្រាប់យើងថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន”។ សូម្បីតែចំពោះកូនព្រះ ក៏ព្រះទ្រង់មិនបានសន្យាថា ពួកគេនឹងមានភាពស្រណុកស្រួល ភាពសម្បូរសប្បាយ ឬមានសុខភាពល្អជានិច្ចឡើយ។ តែទ្រង់នឹងមិនទុកឲ្យយើងនៅតែម្នាក់ឯង ពេលដែលយើងមានបញ្ហានោះឡើយ។ បទគម្ពីរអេសាយ ៤៣:២ បានរំឭកយើងថា ពេលដែលយើងឆ្លងទឹកជ្រៅ ព្រះគង់នៅជាមួយយើង។ ទោះបីជាយើងមិនតែងតែអាចយល់អំពីបំណងព្រះទ័យព្រះ នៅក្នុងទុកលំបាកដែលយើងជួបប្រទះក៏ដោយ ក៏យើងនៅតែអាចជឿជាក់លើព្រះទ័យទ្រង់ ពេលដែលយើងស្គាល់ទ្រង់ច្បាស់។ ព្រះនៃយើង ជាព្រះនៃសេចក្តីស្រឡាញ់ដ៏បរិបូរ ហើយ “ទោះស្លាប់ ឬរស់ … ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ”(រ៉ូម ៨:៣៨-៣៩)។ ព្រះទ្រង់បានសន្យាហើយថា ទ្រង់នឹងគង់នៅជាមួយយើង ពេលបញ្ហាមកដល់។–Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។–យ៉ូហាន ១៦:៣៣