សហគមន៍គុមរ៉ាន ជាសហគមន៍មួយ របស់សាសន៍យូដា នៅសតវត្សរ៍ទី១ ដែលបានកាត់ផ្តាច់ខ្លួន ចេញពីឥទ្ធិពលខាងក្រៅ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទី១នៃព្រះមែស៊ី។ ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការថ្វាយបង្គំផ្ទាល់ខ្លួន ការប្រារព្ធពិធីលៀងសម្អាតបាប និងកាន់តាមក្រឹត្យវិន័យយ៉ាងតឹងរឹង។ តាមឯកសារដែលនៅសេសសល់ បានបង្ហាញថា ពួកគេមិនអនុញ្ញាតឲ្យមនុស្សស្លាប់ដៃជើង ជនពិការភ្នែកចូលក្នុងសហគមន៍របស់ពួកគេឡើយ។ ពួកគេបានប្រព្រឹត្តដូចនេះ ដោយផ្អែកទៅលើការបង្រៀនថា អ្នកដែលមាន “ភាពពិការ” ខាងរូបកាយ គឺត្រូវរាប់ជាមិនស្អាតតាមក្រឹត្យវិន័យ។ ដូចនេះ នៅក្នុងការប្រកបគ្នាម្តងៗ ពួកគេមិនដែលអញ្ជើញជនពិការឲ្យចូលរួមឡើយ។
នៅសម័យនោះ ព្រះមែស៊ីនៃសាសន៍អ៊ីស្រាអែលកំពុងតែបំពេញព្រះរាជកិច្ចទ្រង់ នៅតាមទីក្រុង និងភូមិ នៅស្រុកយូដា និងកាលីឡេ។ ព្រះយេស៊ូវបានប្រកាស់អំពីនគររបស់ព្រះវរបិតាទ្រង់ បាននាំមកនូវការបង្រៀន និងការកម្សាន្តចិត្ត ហើយបានធ្វើការអស្ចារ្យជាច្រើនផង។ គួរឲ្យកត់សំគាល់ណាស់ ទ្រង់បានប្រកាសថា “បើកាលណាអ្នករៀបលៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ”(លូកា ១៤:១៣-១៤)។
ភាពខុសគ្នារវាងព្រះបន្ទូលព្រះយេស៊ូវ និងរបៀបអញ្ជើញភ្ញៀវរបស់សហគមន៍គុមរ៉ាន បានផ្តល់នូវការបង្រៀនជាច្រើន សម្រាប់យើងរាល់គ្នា។ ជាញឹកញាប់ យើងចូលចិត្តប្រកបជាមួយមនុស្ស ដែលមានសម្បកក្រៅ គំនិត និងការប្រព្រឹត្តដូចយើង។ ប៉ុន្តែ ព្រះអម្ចាស់នៃយើង បានលើកទឹកចិត្តយើង ឲ្យយកតម្រាប់តាមទ្រង់ ហើយបើកចំហរឲ្យមនុស្សគ្រប់គ្នា ចូលរួមការប្រកបរបស់យើង។–Dennis Fisher