យន្តហោះពាណិជ្ជកម្ម ផ្ទុកម៉ាស៊ីនថតពីរគ្រឿង ដែលផ្ទុកទិន្នន័យជើងហោះហើរ ដែលគេហៅថា “ប្រអប់ខ្មៅ”។ ប្រអប់ខ្មៅទីមួយ ថតទុកអំពីដំណើរការ និងស្ថានភាពរបស់យន្តហោះ ហើយប្រអប់ខ្មៅមួយទៀតថតទុក នូវការសន្ទនារវាង អាកាសយានិក ជាមួយនឹងអ្នកគ្រប់គ្រងអាកាសចរណ៍ ដែលធ្វើការនៅលើដី។ ប្រអប់ទាំងពីរនេះស្រោបដោយជាតិអ៊ីសូឡង់ ដើម្បីការពារសីតុណ្ហភាពក្តៅខ្លាំង ហើយបើសិនជាប្រអប់ទាំងនេះ ធ្លាក់ទៅក្នុងទឹក ក៏វាអាចបញ្ជូនរលកសញ្ញាមកលើផ្ទៃទឹកបានដែរ។ ក្រោយពេលយន្តហោះធ្លាក់ គេស្វែងរកប្រអប់នេះ យកទៅវិភាគលើទិន្នន័យយន្តហោះយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អំពីមូលហេតុនៃការធ្លាក់របស់យន្តហោះ។ អ្នកជំនាញសុវត្ថិភាពដែនអាកាសចង់រៀនអំពីកំហុស ដែលយន្តហោះនោះមាន កាលពីអតីតកាល ដើម្បីកុំឲ្យមានកំហុសដដែល នៅពេលក្រោយទៀត។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងក៏គួររៀនអំពីកំហុសកាលពីអតីតកាលផងដែរ។ ឧទាហរណ៍ លោកប៉ុលបានលើកឡើង អំពីកំហុសខ្លះៗដែលជនជាតិអ៊ីស្រាអែលមាន កាលពួកគេធ្វើដំណើរពីនគរអេស៊ីព្ទ ចូលទឹកដីកាណាន។ បានជាគាត់សរសេរថា ដោយសារព្រះមិនគាប់ព្រះហប្ញទ័យនឹងទង្វើរពួកគេ ពួកគេជាច្រើនបានស្លាប់នៅទីរហោស្ថាន(១កូរិនថូស ១០:៥)។ ត្រង់ចំណុចនេះ លោកប៉ុលបានពន្យល់ថា “ការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុកសម្រាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់គ្នាដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប”(ខ.១១)។
គ្រប់ទាំងអត្ថបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន(២ធីម៉ូថេ ៣:១៦-១៧)។ សូមអរគុណព្រះអង្គ ដែលបានដឹកនាំយើងខ្ញុំ តាមរយៈព្រះបន្ទូលទ្រង់។–C.P.Hia