
ក្តីសង្ឃឹមគឺសម្រាប់
ដោយBill Crowder
March 23, 2015
ទោះ បីជាខ្ញុំព្យាយាមទប់ខ្លួន មិនឲ្យភ្ញាក់ផ្អើលចំពោះការអ្វីដែលកើតមានឡើង នៅពេលបច្ចុប្បន្នក៏ដោយ ក៏មានពេលមួយ ខ្ញុំមានការហួសចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញពាក្យដែលគេបោះពុម្ភនៅលើអាវយឺតរបស់ស្រ្តីមា្នក់ ដែលដើរកាត់មុខខ្ញុំនៅផ្សារទំនើបមួយ។ អាវយឺតរបស់នាង មានពាក្យសរសេរធំៗពីលើថា “សេចក្តីសង្ឃឹម គឺសម្រាប់មនុស្សភ្លើប៉ុណ្ណោះ”។ ជាការពិតណាស់ ការដែលយើងឆាប់ទុកចិត្តគេពេក អាចជាការល្ងង់ខ្លៅ និងងាយនាំឲ្យមានគ្រោះថ្នាក់។ ការខកចិត្ត និងការឈឺចិត្ត អាចកើតចេញពីការមានគំនិតវិជ្ជមានពេក ដោយមិនសមហេតុផល។ ប៉ុន្តែ ការដែលយើងមិនព្រមឲ្យខ្លួនយើងមានក្តីសង្ឃឹម នឹងនាំឲ្យយើងមានទុក្ខព្រួយ ហើយមានការយល់ខុសអំពីជីវិត។ ប៉ុន្តែ សេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ មានលក្ខណៈពិសេស ព្រោះជាការទុកចិត្តលើព្រះ និងទុកចិត្តលើកិច្ចការដែលទ្រង់កំពុងធ្វើ ក្នុងលោកិយនេះ និងក្នុងជីវិតយើង។ នោះហើយជាអ្វីដែលមនុស្សគ្រប់គ្នា ពិតជាត្រូវការនោះ។ អ្នកនិពន្ធកណ្ឌគម្ពីហេព្រើរបានសរសេរយ៉ាងច្បាស់ អំពីសារសំខាន់នៃសេចក្តីសង្ឃឹម យ៉ាងដូចនេះថា “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់”(ហេព្រើរ ១០:២៣)។ ការមានសេចក្តីសង្ឃឹមលើព្រះ មិនមែនជារឿងល្ងង់ខ្លៅនោះទេ ពីព្រោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ យើងរាល់គ្នាកាន់ខ្ជាប់តាមសេចក្តីសង្ឃឹម ដែលយើងបានទទួលក្នុងអង្គព្រះគ្រីស្ទ ព្រោះព្រះទ្រង់ស្មោះត្រង់។ យើងអាចទុកចិត្តលើព្រះអង្គ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ មិនថាយើងប្រឈមមុននឹងបញ្ហាអ្វីក៏ដោយ ទាំងក្នុងពេលបច្ចុប្បន្ន និងជារៀងរហូតតទៅ។ សេចក្តីសង្ឃឹមរបស់យើង មានមូលដ្ឋានគ្រឹះនៅក្នុងលក្ខណៈសម្បត្តិនៃភាពស្មោះត្រង់របស់ព្រះ ដែលបានស្រឡាញ់យើងដោយក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។ ដូច្នេះ ពាក្យដែលគេបានសរសេរលើអាវយឺតនោះ គឺខុសទាំងស្រុង។ សេចក្តីសង្ឃឹមមិនមែនសម្រាប់តែមនុស្សភ្លើឡើយ តែសម្រាប់យើងរាល់គ្នា។–Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះ ត្រង់។–ហេព្រើរ ១០:២៣