
មានបន្ទុកធ្ងន់ពេក
ដោយCindy Hesskasper
March 24, 2015
ពេលដែលខ្ញុំបញ្ឆេះរថយន្ត នាព្រឹកព្រលឹមថ្ងៃមួយ ពេលដែលមេឃនៅងងឹតនៅឡើយ ខ្ញុំកត់សម្គាល់ឃើញថា ភ្លើងសញ្ញាខ្សែក្រវាត់សុវត្ថិភាពលោតឡើង នៅលើតាបឡូរបស់ឡាន។ ខ្ញុំបានដាក់ខ្សែក្រវ៉ាត់ហើយ តែហេតុអ្វីបានជាវា នៅតែចេញសញ្ញាដូចនេះទៀត។ ខ្ញុំក៏ពិនិត្យមើលទ្វារ ដោយបើក ហើយបិទវាម្តងទៀតឲ្យជាប់។ ខ្ញុំពាក់ខ្សែក្រវាត់សុវត្ថិភាពសាឡើងវិញ។ តែភ្លើងសញ្ញានៅតែលោតឡើងដដែល។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានដឹងពីមូលហេតុ ពេលដែលខ្ញុំលើកកាបូបរបស់ខ្ញុំឡើង ចេញពីកៅអីអង្គុយ ដែលនៅខាងស្តាំដៃខ្ញុំ ឲ្យផុតខ្ពស់បន្តិច រំពេចនោះ ភ្លើងសញ្ញានោះក៏រលត់ទៅវីញ។ ដូចនេះ ខ្ញុំក៏សន្និដ្ឋានថា ទម្ងន់របស់ទូរស័ព្ទដៃ នំប៉័ង៣ដុំ សៀវភៅគ្របរឹងមួយក្បាល និងអាហារថ្ងៃត្រង់របស់ខ្ញុំដែលបានដាក់ក្នុងកាបូបធំនោះ មានទម្ងន់សរុបស្មើនឹងទម្ងន់ខ្លួនរបស់អ្នកដំណើរដ៏តូចល្អិតម្នាក់។ ហេតុនេះហើយបានជាចេញភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាពយ៉ាងដូចនេះ។ ខ្ញុំមិនពិបាកនឹងរើបន្ទុក ចេញពីក្នុងការបូបឥវ៉ាន់នោះ ឡើង ប៉ុន្តែ ក្នុងជីវិតយើង មានបន្ទុកខ្លះមិនងាយស្រួល នឹងឲ្យយើងដកចេញ ដូចនេះឡើយ។ បន្ទុកធ្ងន់នៃជីវិតជាប់ទាក់ទងនឹងទម្ងន់របស់ព្រះវិញ្ញាណយើង។ ព្រះយេស៊ូវបានអញ្ជើញយើងម្នាក់ៗ ឲ្យផ្ទេរបន្ទុកគ្រប់យ៉ាងដល់ទ្រង់ ទោះបីជាបន្ទុកនោះធ្វើឲ្យយើងងើបមិនរួច ដូចជាសេចក្តីកំហុស ដែលធ្វើឲ្យស្តេចដាវីឌមានទុក្ខអំពុល (ទំនុកដំកើង ៣២:១-៦) ឬដូចជាការភ័យខ្លាច ដែលលោកពេត្រុសធ្លាប់មាន(ម៉ាថាយ ២៦:២០-៣៥) ឬក៏ជាការសង្ស័យ ដែលលោកថូម៉ាសមានចំពោះព្រះយេស៊ូវ(យ៉ូហាន ២០:២៤-២៩)ក៏ដោយ។គឺដូចដែលទ្រង់បានមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក” (ម៉ាថាយ ១១:២៨)។ ព្រះបានបង្កើតយើងមក មិនមែនដើម្បីឲ្យយើងទទួលបន្ទុកតែម្នាក់ឯងនោះទេ។ យើងអាចផ្ទេរបន្ទុកទាំងអស់នោះ ដាច់ដល់ព្រះអង្គ ដែលគាប់ព្រះទ័យនឹងទទួលបន្ទុកជំនួសយើង (ទំនុកដំកើង ៦៨:១៩ ១ពេត្រុស ៥:៧)។ ទ្រង់បានទទួលបន្ទុកទាំងនោះមកលើអង្គទ្រង់ ហើយប្រទានមកយើងវិញ នូវការអត់ទោសបាប ការប្រោសឲ្យជា និងការស្អាងឡើងវិញ។ គ្មានបន្ទុកណាមួយ ព្រះអង្គមិនអាចទទួលនោះឡើយ។–Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។–ម៉ាថាយ ១១:២៨