ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីលោក អើរ៉ុន រ៉ាលស្តុន(Aron Ralston) ដែលជាអ្នកដើរព្រៃម្នាក់ ដែលបានជាប់ខ្លួនក្នុងបាតជ្រលងភ្នំ ដែលនៅដាច់ស្រយ៉ាល ដោយសារថ្មមួយដុំធំ បានធ្លាក់គៀបដៃគាត់ជាប់។ គាត់មិនសូវមានសង្ឃឹមថា គេនឹងរកគាត់ឃើញឡើយ ហើយកម្លាំងរបស់គាត់ក៏កំពុងចុះខ្សោយទៅដែរ ដូចនេះ គាត់ក៏បានសម្រេចចិត្តកាត់ដៃរបស់គាត់ ដើម្បីសង្គ្រោះជីវិតខ្លួនឯង។ ក្នុងអំឡុងពេល ដែលគាត់មានការឈឺចាប់ជាពន់ពេកនោះ គាត់បានស្រែកដោយទុក្ខវេទនា និងជ័យជម្នះ ព្រោះគាត់បានរំដោះខ្លួនឯងឲ្យមានសេរីភាព ហើយមានឱកាសចេញពីជ្រលងភ្នំនោះ ហើយបន្តរស់នៅទៀត។
អ្នកដែលជាស្មរបន្ទាល់ នៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវ បានឃើញព្រះយេស៊ូវរងទុក្ខវេទនាអស់ជាច្រើនម៉ោង ក៏បានឮទ្រង់ស្រែកដោយសម្លេងដ៏ឮថា “ការចប់ហើយ!” គឺនៅពេលដែលទ្រង់បានថ្វាយវិញ្ញាណទ្រង់ (យ៉ូហាន ១៩:៣០)។ ព្រះបន្ទូលចុងក្រោយ ដែលទ្រង់ប្រកាស់ នៅលើឈើឆ្កាង មិនមែនជាសម្លេងស្រែក នៃបរាជ័យដ៏ឈឺចាប់នោះទេ តែជាសម្លេងស្រែកនៃជ័យជម្នះ ព្រោះទ្រង់បានសម្រេចការគ្រប់យ៉ាង ដែលព្រះវរបិតាបានចាត់ទ្រង់ឲ្យធ្វើហើយ។
ពេលដែលព្រះយេស៊ូវសុគត ទ្រង់បានទទួលរងនូវរាល់ទុក្ខវេទនា ដែលយើងរាល់គ្នាត្រូវឆ្លងកាត់ក្នុងការរស់នៅ។ តែដែលលើសពីនេះទៅទៀតនោះ គឺទ្រង់បានធ្វើនូវការអ្វី ដែលគ្មាននរណាម្នាក់អាចធ្វើបាន។ ទ្រង់បានបង់ថ្លៃលោះបាបយើង ដើម្បីឲ្យយើងបានទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច តាមរយៈសេចក្តីជំនឿលើទ្រង់។
“ការចប់ហើយ!” គឺដូចដែលព្រះអម្ចាស់បានស្រែកប្រកាស់ជ័យជម្នះ ព្រោះតាមរយៈទ្រង់ នោះនៅពេលនេះ យើងអាចគេចផុតពីអំណាចនៃអំពើបាប យើងអាចរស់នៅ ដោយមានសេរីភាព។ ដោយសារព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា នោះយើងហៅថ្ងៃដែលទ្រង់សុគតថា ថ្ងៃសុក្រដ៏ល្អ ។–David McCasland