ប្រព័ន្ធកិត្តិយស

នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិ​យស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។​

ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់​កម្លាំងពលកម្ម ដែល​មាន​បាន​បញ្ចេញ​នៅក្នុងសួនច្បារបស់នាង។​ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ​ ​មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់​កិត្តិយស ដោយសារ​បានប្រព្រឹត្តដូចនោះ។

ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា យើងក៏អាចស្មោះត្រង់ក្នុងការធំផងដែរ (លូកា​ ១៦:១០)។ ភាពស្មោះត្រង់ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង គឺជាវិធីដែលយើងអាចនាំព្រះកិត្តិនាមថ្វាយព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះនៃយើង។​

បទគម្ពីរកូល៉ុស ៣:១៧ ក៏បានចែងអំពី “ប្រព័ន្ធកិត្តិយស” សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ យ៉ាងដូចនេះថា “​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​​នៃ​​ព្រះ​អម្ចាស់​យេស៊ូវ”។–Cindy Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles