អ្នកស្រីម៉ារីលីន(Marilyn) និងលោកស្ទីវិន(Steven) បានរៀបការអស់រយៈពេលពីរបីឆ្នាំហើយ។ មានពេលមួយពួកគេមានការពិបាកផ្នែកហិរញ្ញវត្ថុ។ ប៉ុន្តែ ពេលដែលអ្នកស្រីម៉ារីលីនមើលទៅកម្រាលពូក ដែលចាស់កណ្តាច គាត់ក៏ចង់ប្តូរកម្រាលពូកនោះ។ ដូចនេះ គាត់ក៏បានសម្រេចចិត្តទិញកម្រាលពូកថ្មីមួយ ដោយប្រើកាតក្រេឌីត ដោយសង្ឃឹមថា នឹងរកបានប្រាក់ដើម្បីសងប្រាក់ដែលគាត់បានខ្ចីតាមរយៈកាតក្រេឌីតនោះ។ គាប់ជួននៅថ្ងៃនោះ អត្ថបទដែលគាត់អានប្រចាំថ្ងៃ បាននិយាយអំពីបទគម្ពីរ សុភាសិត ២២:២៧ បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល ព្រោះបទគម្ពីរនោះបានចែងថា “បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែពីក្រោមឯងទៅធ្វើអី”។ អ្នកស្រីម៉ារីលីនក៏បានសម្រេចចិត្តថា នឹងមិនទៅទិញកំរាលពូកនោះឡើយ ព្រោះគាត់លែងចង់ជំពាក់ប្រាក់ក្នុងកាតនោះទៀតហើយ។
ពេលដែលយើងសម្រេចចិត្តចំណាយប្រាក់របស់យើង តាមរបៀបណាមួយ នោះការសម្រេចចិត្តនោះជាបញ្ហាផ្ទាល់ខ្លួន ដែលយើងមានជាមួយព្រះអម្ចាស់ ហើយអាចជាការសម្រេចចិត្តដ៏ពិបាក។ ប៉ុន្តែ ព្រះទ្រង់មិនបានទុកយើងចោល ដោយមិនបានជួយយើងនោះឡើយ។ ដ្បិតទ្រង់បានមានបន្ទូលប្រាប់យើងថា “ចូរថ្វាយកិត្តិនាម ដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ”(សុភាសិត ៣:៩) ហើយ “អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ”(ម៉ាថាយ ៦:២៤)។
នេះជាសេចក្តីពិត ដែលយើងត្រូវចងចាំ ពេលដែលយើងបើកមើលព្រះបន្ទូលទ្រង់ ដើម្បីស្វែងរកជំនួយ នៅក្នុងការប្រើប្រាស់ប្រាក់កាស យ៉ាងឆ្លាតវ័យ។ ដ្បិតព្រះយេស៊ូវបានមានបន្ទូលថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ហើយក៏មានបទគម្ពីរផ្សេងទៀតដែលចែងថា “អ្នកណាដែលខ្ចីគេ ជាបាវបំរើដល់អ្នកដែលឲ្យខ្ចីនោះ”(សុភាសិត ២២:៧)។ ហើយបទគម្ពីរ ១ធីម៉ូថេ បានចែងថា “ចូរបង្គាប់ឲ្យគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង”(៦:១៨)។
លុយជាបញ្ហាដ៏ធំ។ ព្រះដែលផ្គត់ផ្គង់រាល់តម្រូវការរបស់យើង ទ្រង់អាចបង្ហាញយើង ពីរបៀបប្រើលុយ ដើម្បីថ្វាយព្រះកត្តិនាមដល់ទ្រង់។–Dave Branon