នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ១៧៧០ សំពៅរបស់លោកចេមស៍ ឃុគ(James Cook) ដែលអ្នករុករក ដែលមានសញ្ជាតិអង់គ្លេស បានបើកប៉ះនឹងថ្មប៉ប្រះទឹក នៅឆ្នេរភាពខាងជើង នៃប្រទេសអូស្រ្តាលី។ គាត់ក៏បានបើកនាវានោះ ងាកទៅរកទឹកជ្រៅវិញ តែគាត់នៅតែប៉ះថ្មប៉ប្រះទឹកទៀត ហើយលើកនេះការប៉ះទង្គិចស្ទើរតែបានធ្វើឲ្យសំពៅរបស់គាតលិច។ បទពិសោធន៍នេះបានបណ្តាលចិត្តលោកឃុគ ឲ្យសរសេរ នៅក្នុងសៀវភៅកំណត់ហេតុរបស់សំពៅនោះថា “ខ្ញុំដាក់ឈ្មោះទីតាំងខាងជើងនោះថា ជ្រោយទុក្ខវេទនា ព្រោះនៅទីនេះ មានការលំបាក់គ្រប់យ៉ាងកើតឡើង”។
មានមនុស្សជាច្រើន បានដកពិសោធនឹងការលំបាក ដែលហាក់ដូចជាការចាប់ផ្តើម នៃការលំបាកជាច្រើនទៀត ដែលកើតឡើងជាបន្តបន្ទាប់គ្នា ដែលមានដូចជា ការបាត់បង់ការងារ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ ការលែងលះទាំងបង្ខំ ឬការមានសុខភាពចុះខ្សោយជាដើម។ ទោះបីជាបញ្ហាវិបត្តិហាក់ដូចជា “ជ្រោយនៃទុក្ខវេទនា” របស់យើងក៏ដោយ ក៏ព្រះទ្រង់នៅតែមានអំណាចលើទាំងអស់ ហើយទ្រង់ពិតជានៅតែគ្រប់គ្រងស្ថានការណ៍របស់យើង។ ទ្រង់សព្វព្រះទ័យនឹងប្រើទុក្ខលំបាករបស់យើង ដើម្បីឲ្យយើងមានភាពសាំថ្នឹក។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួន”(យ៉ាកុប ១:២-៣)។ “សេចក្តីខ្ជាប់ខ្ជួន” គឺមានន័យថា យើងនៅតែមានអំណាច ឬមានសមត្ថភាពអត់ធ្មត់នឹងការលំបាក។
ក្នុងពេលដែលអ្នកកំពុងស្ថិតនៅ ក្នុងការលំបាកដែលធ្វើឲ្យជីវិតផ្លាស់ប្រែ នោះចូរចាំថា ព្រះទ្រង់នៅតែធ្វើការរបស់ទ្រង់។ ទ្រង់សព្វព្រះទ័យនឹងប្រើបទពិសោធន៍ នៃ“ជ្រោយនៃទុក្ខវេទនា” របស់អ្នក ដើម្បីស្អាងបុគ្គលិកលក្ខណៈរបស់អ្នក។ ម្យ៉ាងទៀត ទ្រង់បានសន្យាថា ព្រះគុណទ្រង់នឹងជួយអ្នក (២កូរិនថូស ១២:៩)។–Dennis Fisher