ជីវិតមនុស្សមានលក្ខណៈដូចអាកាសធាតុណាស់ … ពោលគឺវាមានរដូវកាល។ ជីវិតរបស់យើង តែងតែមានផ្លូវដែលជំរុញឲ្យយើង ចូលទៅក្នុងរដូវកាលមួយទៀត ទោះបីជាយើងចូលចិត្តឬមិនចូលចិត្តក៏ដោយ។ ហើយពេលដែលយើងត្រូវបានរុញច្រាន ឲ្យចូលក្នុងរដូវកាលបន្ទាប់ ជាញឹកញាប់ យើងមិនមានការប្រាកដក្នុងចិត្ត ឬមានការភ័យខ្លាច ចំពោះការអ្វីដែលអាចកើតមានចំពោះយើង ក្នុងរដូវកាលថ្មីនោះ។
នេះជាការពិតមែន ជាពិសេសសសម្រាប់រដូវកាលចុងក្រោយនៃជីវិត គឺនៅពេលដែលយើងត្រូវបានបន្លាចដោយ ការចោទសួរខ្លួនឯងថា តើខ្ញុំនឹងត្រូវនៅម្នាក់តែឯងឬ? តើសុខភាពរបស់ខ្ញុំអាចទ្រាំទ្របានទេ? តើខ្ញុំនឹងមានលុយចាយគ្រប់គ្រានឬទេ? តើគំនិតខ្ញុំនឹងនៅតែថ្មីជានិច្ចឬទេ? ទោះយើងកំពុងស្ថិតក្នុងរដូវកាលនៃជីវិតមួយណាក៏ដោយ ក៏យើងត្រូវតែមានការសម្រេចចិត្ត ថាតើយើងនឹងខ្ជេះខ្ជាយពេលវេលានៃរដូវកាលនោះ ដោយសារគំនិតដែលពេញដោយការភ័យខ្លាច ឬ “លៃយកឱកាសឲ្យទាន់ពេល ពីព្រោះសម័យនេះអាក្រក់ណាស់” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង (អេភេសូរ ៥:១៦)។
ទោះបីអ្នកកំពុងស្ថិតនៅក្នុងរដូវកាលណាក៏ដោយ ក៏អ្នកនៅតែអាចទុកចិត្តសេចក្តីស្មោះត្រង់របស់ព្រះជានិច្ច។ ទ្រង់បានមានបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា ខ្ញុំមិនព្រមខ្លាចឡើយ”(ហេព្រើ ១៣:៥-៦)។
ដោយសារអ្នកមានព្រះវត្តមានព្រះ និងការផ្គត់ផ្គង់របស់ទ្រង់ នោះអ្នកអាចលៃយកឱកាសឲ្យបានល្អបំផុត ក្នុងរដូវកាលនីមួយៗ ដោយដើរតាមព្រះយេស៊ូវយ៉ាងប្រកិត ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងអធិស្ឋាន ដោយស្រឡាញ់ និងអត់ទោសឲ្យអ្នកដទៃ កាន់តែអស់ពីចិត្ត ហើយបម្រើគេដោយអំណរ និងចិត្តសប្បុរស។
ព្រះបានប្រទានពរឲ្យយើងមានរដូវកាលក្នុងពេលបច្ចុប្បន្ន នោះចូរយើងប្រើពេលនោះឲ្យមានប្រយោជន៍បំផុត!–Joe Stowell