ការជម្នះដំណឹងអាក្រក់

មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា “តើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ល្អ?”(ទំនុកដំកើង ៤:៦)។ ត្រង់ចំណុចនេះ ស្តេចដាវីឌ ហាក់ដូចជាកំពុងតែរៀបរាប់ អំពីទស្សនៈអវិជ្ជមាន ដែលមនុស្សយើងងាយនឹងមាន ក្នុងពិភពលោកយើងសព្វថ្ងៃ។ ពត៌មានសំខាន់ៗនៅលើទំព័រខាងមុខនៃការសែត អ៊ីនធើណិត ឬទូរទស្សន៍ហាក់ដូចជាចូលចិត្តផ្តោតទៅលើឧក្រិដ្ឋកម្ម គ្រោះថ្នាក់ចរាចរណ៍ នយោបាយ សេដ្ឋកិច្ច និងអំពីបុគ្គលល្បីៗដែលបានធ្វើអ្វីខុស។ នៅកន្លែងធ្វើការ និងនៅផ្ទះ យើងច្រើនតែនិយាយអំពីការពិបាក ហើយភាពអវិជ្ជមានទាំងអស់នេះ សុទ្ធតែអាចបំបាក់ទឹកចិត្តជនជាទូទៅ។ ដូចនេះ តើយើងអាចងាកទៅរកដំណឹង ដែលល្អជាងនេះ នៅកន្លែងណា?

ក្នុងពេលដែលស្តេចដាវីឌ មានបញ្ហា ទ្រង់បានងាកទៅរកព្រះអម្ចាស់ ដែលបានជួយឲ្យទ្រង់បានធូរស្បើយក្នុងចិត្ត(ខ.១) ហើយបានស្តាប់ពាក្យទ្រង់អធិស្ឋាន (ខ.៣)។ ទ្រង់មិនបានសង្ឃឹមថា ការល្អនឹងកើតឡើង ពេលដែលស្ថានភាពមានការប្រែប្រួលឡើយ ផ្ទុយទៅវិញ ទ្រង់បានរកឃើញការលើកទឹកចិត្តឥតឈប់ឈរ ក្នុងព្រះ។ បានជាទ្រង់អធិស្ឋានថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើយើង​ខ្ញុំ​រាល់​គ្នា”(ខ.៦)។ ការនេះបានបណ្តាលឲ្យទ្រង់ ​មាន​សេចក្តី​អំណរលើស​ជាង​ភាពសម្បូរសប្បាយ ឬជ័យជម្នះដែលមនុស្សអាចរកបានក្នុងលោកិយនេះ(ខ.៧)។

ក្នុងមួយជីវិតស្តេចដាវីឌ ទាំងមុនពេល និងក្រោយពេលដែលទ្រង់ក្លាយជាស្តេចនៃនគរអ៊ីស្រាអែល ទ្រង់តែងតែជួបការប្រឆាំងជានិច្ច។ ប៉ុន្តែ នៅទីបំផុត​ ទ្រង់អាចមានបន្ទូលថា “ទូលបង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្តី​ស្ងប់ ដ្បិត​ឱ​ព្រះយេហូវ៉ា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រោស ឲ្យ​ទូលបង្គំ​នៅ​ដោយ​សាន្តត្រាណ​បាន”(ខ.៨)។ យើងអាចមានការចាប់ផ្តើម និងបញ្ចប់ថ្ងៃនីមួយៗ យ៉ាងប្រសើរ ដោយការជញ្ជឹងគិតអំពីសេចក្តីពិត ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤ ដែលនិយាយពីការដែលព្រះយកព្រះទ័យទុកដាក់ចំពោះយើង។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles