ក្នុងអំឡុងពេលដែលអ្នកស្រី ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុងធ្វើការជាអ្នកបម្រើតាមផ្ទះ ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស នៅដើមសតវត្សរ៍ទី២០ គាត់មានក្តីស្រមៃមួយ។ គោលដៅរបស់គាត់ គឺធ្វើជាបេសកជន ក្នុងប្រទេសចិន។ តែមានអង្គការបេសកកម្មមួយបានប្រាប់គាត់ថា គាត់ “មិនមានសមត្ថភាពគ្រប់គ្រាន់ទេ” ហើយក៏បានបដិសេធមិនឲ្យគាត់ទៅបម្រើការជាបេសកជនឡើយ។ ដូចនេះ អ្នកស្រីក្លេឌីស ក៏បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិន ដោយខ្លួនឯង។ ពេលគាត់មានអាយុ២៨ឆ្នាំ គាត់បានយកលុយដែលគាត់បានសន្សំពេញមួយជីវិត ទៅទិញសំបុត្រយន្តហោះ ដែលសម្រាប់ធ្វើដំណើរបានតែមួយជើង ទៅភូមិយ៉ាងចេង នៅតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសចិន។ បន្ទាប់មក គាត់ក៏បានបើកផ្ទះសំណាក់មួយ សម្រាប់ពួកអ្នកជំនួញដែលធ្វើដំណើរកាត់តាមនោះ ហើយគាត់ក៏បានចែកចាយអំពីរឿងក្នុងព្រះគម្ពីរ នៅទីនោះ។ អ្នកស្រីក្លេឌីសក៏បានបម្រើការ នៅក្នុងភូមិផ្សេងទៀតផងដែរ ហើយគេក៏បានហៅគាត់ថា អៃ-វេដេហ ដែលជាភាសាចិនប្រែមកថា “អ្នកមានគុណធម៌”។
សាវ័កប៉ុលក៏បានផ្សាយដំណឹងល្អ ទៅដល់តំបន់ឆ្ងាយៗ ក្នុងពិភពលោកផងដែរ។ គាត់បានដាក់ខ្លួនធ្វើអ្នកបម្រើ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺដូចដែលគាត់បានមានប្រសាសន៍ អំពីការបម្រើនោះថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ”(៤:៥)។
មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែត្រូវបានព្រះត្រាសហៅ ឲ្យទៅអត់ទ្រាំនឹងទុក្ខលំបាក នៅក្នុងការផ្សាយដំណឹងល្អ ក្នុងតំបន់ដាច់ស្រយ៉ាលឡើយ។ ប៉ុន្តែ យើងម្នាក់ៗ មានការទទួលខុសត្រូវ ក្នុងនាមជាអ្នកបម្រើព្រះ ក្នុងការផ្សាយអំពីព្រះគ្រីស្ទ ដល់អ្នកដែលនៅក្នុងតំបន់ ដែលយើងកំពុងរស់នៅ។ យើងមានអភ័យឯកសិទ្ធិ នៅក្នុងការជួយអ្នកជិតខាង មិត្តភ័ក្រ និងសាច់ញាតិរបស់យើង។ ចូរយើងទូលសូមឲ្យព្រះ បើកផ្លូវឲ្យយើងបម្រើ និងចែកចាយអំពីព្រះយេស៊ូវ ដែលបានលះបង់ព្រះជន្មព្រះអង្គ សម្រាប់យើងរាល់គ្នា។—Dennis Fisher